ក្រុងសេប៊ូ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំ គណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៥ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានសមាគមច្បាប់អាស៊ាន ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន អគ្គលេខាធិការរបស់សមាគមច្បាប់អាស៊ាន អគ្គលេខាធិការរងរបស់អាស៊ាន និងសមាជិកសមាជិកានៃសមាគមច្បាប់អាស៊ានប្រមាណ២០០នាក់។កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់មួយចំនួនទាក់ទងនឹង ខ្លឹមសារនៃរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ សកម្មភាពប្រចាំឆ្នាំ២០២៤របស់សមាគមច្បាប់អាស៊ាន និងកិច្ចសហប្រតិបត្តិការរវាងសមាគមច្បាប់អាស៊ានជាមួយលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់ក្រុមការងារជំនាញរបស់សមាគមច្បាប់អាស៊ានក្រុមការងាររៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់សមាគមច្បាប់អាស៊ាន វិទ្យាស្ថានច្បាប់អាស៊ាន និងក្រុមការងាររៀបចំការប្រកួតវាយកូនហ្គោល។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាក្នុងការរួមចំណែកជាវិជ្ជមានដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញារបស់គណៈកម្មាធិការជាតិនៃ សមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់សមាគមច្បាប់អាស៊ាន ព្រមទាំងផ្សព្វផ្សាយអំពីសកម្មភាពទាំងនោះទៅដល់សាធារណជនផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយលទ្ធផលគួរជាទីមោទនៈដោយមានការ ចូលរួមជាធាតុចូលយ៉ាងសកម្ម ពីបណ្តា ប្រធានគណៈកម្មាធិការជាតិនីមួយៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រេចបាននូវគោលដៅរួមរបស់សមាគមច្បាប់អាស៊ាន។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN