រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីចម្រើនព្រះជន្មគម្រប់៨៨ យាងចូល៨៩ព្រះវស្សា ជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ


   ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមឡុង ធាម ឡុង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីថ្វាយព្រះពរចម្រើនព្រះជន្ម គម្រប់៨៨ យាងចូល៨៩ ព្រះវស្សា ជូនសម្តេចព្រះមហាក្សត្រី នរោត្តមមុនីរាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤នេះ។ 

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត  យុវជនកាយរិទ្ធ កាកបាទក្រហម ស.ស.យ.ក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្តេចព្រះមហាក្សត្រី  នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខប្រជានុរាស្ត្រ និងបាននាំមកនៅសុខសន្តិភាព សេចក្តីថ្លៃថ្នូរ សម្បូរសប្បាយ រុងរឿងជានិរន្ត។

ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាវិសេសវិសាលនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឡើងអានសារថ្វាយព្រះពរជូនចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ដោយមានខ្លឹមសារនិងអត្ថន័យថា ៖

ទូលបង្គុំយើងខ្ញុំទាំងអស់គ្នាតំណាងឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ និងក្នុងនាមទូលបង្គុំខ្លួនខ្ញុំផ្ទាល់សូមព្រះមរមរាជានុញ្ញាតលើកហត្ថប្រណម លំឱនកាយវាចាចិត្ត ក្រាបបង្គុំទូលថ្វាយនៅសព្វសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយព្រះមហាករុណាទិគុណថ្វាយ ព្រះហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សុភមង្គល ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គុំ យើងខ្ញុំសូមប្រសិទ្ធិពរជ័យបួងសួង ដល់វត្ថុស័ក្កិសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាស្វេតច្ឆត្រ ព្រះបារមីព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធិពរជ័យ សិរីសួស្តីសេរីវឌ្ឍនាមហាប្រសើរថ្វាយ ព្រះមហាក្សត្រី បរមនាថ នរោត្តមសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ថ្លៃថ្លារបស់យើងខ្ញុំទាំងអស់គ្នា។ 

សូមទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ប្រទានពរដល់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត ចៅលួត រលួតរបស់ព្រអង្គ ជ្រកកោនដោយសេចក្តីសុខដុមរមនាអស់កាលជាយូរអង្វែងតរៀងទៅ៕




















Post a Comment

Previous Post Next Post