ខេត្តរតនគិរី៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី ដោយមានការអញ្ជើញចូលរូមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។
ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ថា ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងថ្មីនេះ គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖ ១- ការងារគ្រប់គ្រង, ២- ការងារកសាងអង្គភាព និង៣- ការងារដឹកនាំ គ្រប់គ្រង បញ្ជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលេចថា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចខាងក្រោម៖ ចំពោះប្រទេសជាតិ ត្រូវតែការពារ, ចំពោះប្រជា ត្រូវតែបម្រើ, ច្បាប់ ត្រូវតែគោរព និងបទល្មើស ត្រូវតែបង្ក្រាប
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ស្នងការ មេបញ្ជាការ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួម ដែលញ៉ាំងធ្វើឱ្យពិធីនេះ មានអត្ថន័យ និងកិត្តិយសក្រៃលែង៕