ល្បែងជល់មាន់ខុសច្បាប់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ កំពុងលេងយ៉ាងគគ្រឹកគគ្រេង ស្របពេលដែលលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូចុះបង្ក្រាបពេលព្រឹក ថ្ងៃប្រមូលផ្តុំលេងធម្មតា


   ខេត្តកណ្តាល ៖ ទីតាំងល្បែងស៊ីសងនៅក្នុងចំការមួយកន្លែង កំពុងតែលេងភ្នាល់ (ប្រព្រឹត្តអំពើខុសច្បាប់) យ៉ាងអនាធិបតេយ្យ ខណៈពេលដែលនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ លោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូ បានដឹកនាំកម្លាំងចុះបង្ក្រាប ដោយទាន់តែកៅអី ចំណែកអ្នករៀបចំរត់បាត់ស្រមោល ប៉ុន្តែនៅវេលាម៉ោង១១កន្លះ ក្រុមអ្នកញៀនល្បែងបាននាំគ្នាប្រមូលផ្តុំលេងយ៉ាងរលូន ប៉ុន្តែលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូ បានឆ្លើយប្រាប់អ្នកព័ត៌មានថា “លោកធ្វើអ្វីធ្វើទៅ ថត ឡាយ ផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈទៅ លោកមិនដឹងទេ” តើការទទួលខុសត្រូវសន្តិសុខសង្គម ភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា បើលោកនាយប៉ុស្តិ៍ធ្វើមិនដឹងយ៉ាងដូចច្នេះ ទោះបីជាអ្នកសារព័ត៌មានបានឃើញជាក់ស្តែងយ៉ាងណាក្តី។

សូមបញ្ជាក់ថា ទីតាំងស្ថិតនៅចំការមួយកន្លែង ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកញៀនល្បែងបានរៀបចំទីតាំង ហើយអ្នកព័ត៌មានរាយការណ៍ជូនលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូ ក៏បានចុះមកបង្ក្រាប ហើយនៅវេលាម៉ោង ១១កន្លះ ក្រុមនេះក៏បានប្រមូលផ្តុំគ្នាឡើងវិញ តែលោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍សិត្បូ ធ្វើមិនដឹង ឱ្យធ្វើអ្វីធ្វើទៅ តើមានបញ្ហាអ្វីនៅពីក្រោយរឿងនេះ ឬមួយមានអ្នកមានអំណាចជាម្ចាស់ទីតាំងខាងលើនេះ ហើយលោកនាយប៉ុស្តិ៍ដឹង ទើបមិនហ៊ានចាត់កម្លាំងចុះទៅបង្ក្រាបតទៅទៀត.....?។

អាស្រ័យខាងលើនេះ សំណូមពរដល់ លោក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាពិនិត្យ និងចាត់មន្ត្រីក្រោមឱវាទ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពផង ព្រោះទីតាំងនេះនៅតែបន្តលេង ទោះជាបង្ក្រាបពេលព្រឹក ពេលថ្ងៃបើកលេងធម្មតា។






Post a Comment

Previous Post Next Post