ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសកិច្ចការស្នូល លើវិស័យដែនដី នគរូបនីយកម្ម និងសំណង់


   (ភ្នំពេញ)៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំថ្នាក់ដឹកនាំក្រសួងទាំងអស់ រួមចំណែកប្រែក្លាយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅជាការងារជាក់ស្ដែង និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសកិច្ចការស្នូលលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ស្របពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់នូវការដាក់ចេញគោលនយោបាយសម្រាប់នីតិកាលទី៧ និងចង្អុលបង្ហាញទិសដៅជាយុទ្ធសាស្ត្រសម្រាប់កម្ពុជា ដើម្បីឈានទៅរកភាពរីកចម្រើននាពេលអនាគតបន្តទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងថាការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការគូសវាសផ្នត់គំនិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយក្នុងនោះ ចំណេះដឹង និងចំណេះធ្វើ គឺត្រូវដើរទន្ទឹមគ្នា។ មិនមានការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ។ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ៤ គឺ៖ (១) មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ (២) មានការប្តេជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ (៣) មានការចូលរួមដោយ ស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង (៤) មានការលះបង់ដើម្បីផលប្រយោជន៍រួម។ អ្វីដែលសម្ដេចធិបតីចង់បាននៅក្នុងសហសម័យកម្ពុជានេះមាន ៣ គឺ ឯករាជ្យភាព សន្តិភាព និងសហសម័យកម្ពុជា​។

ទាក់ទិននឹងវិស័យដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងត្រូវទទួលបានការលើកទឹកចិត្ត ឯមន្ទីរដែលមិនទាន់បានចេញបណ្ណជូនប្រជាពលរដ្ឋ គឺយើងត្រូវជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការងារចេញបណ្ណឱ្យបានឆាប់រហ័ស សំដៅឱ្យប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ពិតប្រាកដ៕

#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC









Post a Comment

Previous Post Next Post