សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម សម្ពោធគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ ៣ហិចតា។
គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។
គម្រោងនេះ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ។
រាជធានីភ្នំពេញ ថ្ងៃពុធ ទី២៧ ធ្នូ ២០២៣
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
Tags:
ព័ត៌មានជាតិ