សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបឆ្នាំទី២៥ នៃ ទិវា នយោបាយឈ្នះឈ្នះ និងខួបឆ្នាំទី៥ នៃវិមានឈ្នះឈ្នះ


   ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លើបណ្ដាញសង្គមតេឡេក្រាមនៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានអបអរសាទរខួបឆ្នាំទី២៥ នៃទិវា នយោបាយឈ្នះឈ្នះ និងខួបឆ្នាំទី៥ នៃវិមានឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៣ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ។

សូមជម្រាបថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួប២៥ឆ្នាំហើយ នៃការ បញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ដែលកម្ពុជា រកបាននូវសុខសន្តិភាព ពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមាន ឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក ។

នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព ។

សូមជម្រាបថា ដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នឹងមាន ការរៀបចំកម្មវិធីសាធារណៈជាច្រើននៅវិមានឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។ កម្មវិធីទាំងនោះដូចជា ពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ, ពិព័រណ៍ផលិតផល និងម្ហូបអាហារខ្មែរ, បើកសារមន្ទីរមគ្គុទ្ទេសក៍តេជោសែន ជូនសាធារណជន, ទស្សនីយ៍ភាព សិល្បៈ និងតន្រ្តីរបស់យុវជន។

ចំពោះការបាញ់កាំជ្រួច ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ នឹងធ្វើឡើងនៅថ្ងៃទី២៩ និង ៣០ ខែធ្នូ វេលាម៉ោង៧យប់។ ចំណែកម៉ោង១២យប់ថ្ងៃទី៣១ខែធ្នូ គឺនឹងមានការបាញ់កាំ ជ្រួច អបអរសាទរឆ្លងឆ្នាំសាកល២០២៣ ឈានចូល ២០២៤។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងពីការ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ។

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងថា ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែធ្នូនឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំពិព័រណ៍សមិទ្ធផល និងម្ហូប អាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជា បណ្តោះអាសន្ន ដូចមានលិខិតជូនភ្ជាប់ ៕



Post a Comment

Previous Post Next Post