កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការជឿជាក់លើក្រុមការងាររាជរដ្ឋាភិបាលជិត ២០០ នាក់ ដែលទើបតែចាត់តាំងថ្មីចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនជាតិនិងប្រជាជន។
ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះធ្វើឡើងកាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨នាក់ នៅសាលខេត្តកំពង់ស្ពឺ។
ឯកឧត្តមក៏បានស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្តជូនដល់រូបលោកធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាជាមួយក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន។
ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ខ្ញុំមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីចំពោះការដឹកនាំលើការងារនេះ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ៖ «ដូច្នេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវបានចាត់តាំងតាមបណ្តាក្រុង ស្រុកទាំង៩ និងឃុំ សង្កាត់ ក៏ត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមការសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ»។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងផងដែរនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ថា ក្រុមការងារចុះមូលដ្ឋានថ្មីខេត្តកំពង់ស្ពឺទាំង១៨៨នាក់ នឹងមកគាំពារទៅលើសកម្មភាពការងាររបស់រដ្ឋបាលនៅមូលដ្ឋាន ព្រោះរដ្ឋបាលនៅមូលដ្ឋានមានផែនការសកម្មភាពប្រចាំឆ្នាំ ដែលមាន៣ឆ្នាំរំកិល ៥ឆ្នាំរំកិល…។
ឯកឧត្តមបានបន្តថា ក្រុមការងារទាំងអស់ មកពីគ្រប់ស្ថាប័នដើម្បីគាំទ្រទៅលើសកម្មភាពដែលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនឹងអនុវត្ត។ ដូចនេះក្រុមការងារទាំងអស់គាត់នឹងខិតខំរកវិធីសាស្រ្តក្នុងការជួយតម្រង់ទិសឬក៏ជួយសម្របសម្រួលដោះស្រាយជូនរដ្ឋបាលថ្នាក់ក្រោមជាតិនៅពេលមានបញ្ហា សំដៅធ្វើយ៉ាងណាឱ្យសេវាសាធារណៈ ក៏ដូចជាការផ្តល់សេវាផ្សេងៗទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាតាមអ្វីដែលយើងបានគ្រោងទុក។
ឆ្លៀតក្នុងឱកាសផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តល់អនុសាសន៍លើភារកិច្ចស្នូលមួយចំនួនដែរ ដល់ក្រុមការងារនេះ៕