ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកទឹកចិត្តដល់សមាគមគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឱ្យប្រែក្លាយឧស្សាហកម្មត្បូងមានតម្លៃនេះ ទៅជាឧស្សាហកម្មមួយដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមិនត្រឹមតែបង្កើនការលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជំរុញដល់កិច្ចសហការដល់ការលក់គ្រឿងអលង្ការ និងត្បូងមានតម្លៃដល់បណ្ដាប្រទេសនៅជុំវិញពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងជំនួបជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅទីស្ដីការក្រសួងនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បង្ហាញពីការគាំទ្រ និងជំរុញយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានអនុវត្តនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំដល់សមាគមឱ្យធ្វើកិច្ចសហការជាមួយនឹងប្រទេសរុស្ស៊ី និងបែលហ្ស៊ិក ដែលល្បីល្បាញផ្នែកគ្រឿងអលង្ការ និងត្បូងមានតម្លៃ និងបានគាំទ្រដល់គម្រោងរបស់សមាគមក្នុងការរៀបចំកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដោយកម្មវិធីនេះអាចនាំកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត។
ឯកឧត្តមបញ្ជាក់ថា អ្វីៗទាំងអស់នេះអាចកើតឡើងបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមរតកសន្តិភាពនេះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបន្តដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកភាពសុខដុមរមនា និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាសមាគមមិនយកប្រាក់ចំណេញ និងបង្កើតឡើង ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការកៀរគរវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា។ សមាគមនេះមានដៃគូមកពីសហគមន៍អាស៊ាន និងគ្រប់បណ្ដាប្រទេសលើពិភពលោក។សមាគមគ្រោងនឹងរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូង មានតម្លៃ ក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីអាក់ខានក្នុងការរៀបចំអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩៕