នយោបាយឈ្នះឈ្នះកំពុងនាំកម្ពុជាទៅរកភាពរុងរឿង ប្រកបដោយកិត្យានុភាព!


    ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួន នោះគឺសន្តិភាពពេញលេញទូទាំងប្រទេសដែលជាទ្រព្យព្រេងទ្រព្យសំណាងដ៏កម្រនិងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះដោយគ្មានការបង្ហូរឈាមសូម្បីមួយដំណក់។ 

នយោបាយឈ្នះឈ្នះមានគន្លឹះសំខាន់៣យ៉ាងដែលជាស្នូលនៃដំណោះស្រាយ នោះគឺ៖ ការធានាអាយុជីវិតនិងរាងកាយ ការធានាអាជីពនិងមុខរបរ និងការធានាទ្រព្យសម្បត្តិនិងកម្មសិទ្ធិឯកជន។ រូបមន្តដ៏ស័ក្តិសិទ្ធិនេះផ្សំឡើងដោយស្នាដៃសម្តេចតេជោ ហ៊ុន សែន។ 

សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ ប្រែក្លាយចម្ការមីនទៅជាចម្ការដំណាំ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ សន្តិភាពបានក្លាយជាចលករជំរុញល្បឿននៃការអភិវឌ្ឍន៍ឱ្យដើរលឿនស្លេវទៅមុខ។ សមិទ្ធផលទាំងឡាយដែលលេចឡើងចំពោះមុខយើងទាំងអស់សុទ្ធសឹងជាផ្លែផ្កានៃសុខសន្តិភាពដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា។

រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានាថែរក្សាការពារសមិទ្ធផលទាំងអស់ឱ្យបានគង់វង្ស ស្ថិតស្ថេរ ចីរកាល និងបន្តអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសរសរស្តម្ភពីរដែលនាំកម្ពុជានិងប្រជាពលរដ្ឋខ្មែរទៅរកភាពរុងរឿង សម្បូរសប្បាយ ប្រកបដោយកិត្យានុភាព និងមោទនភាពជាតិខ្មែរ៕ 

ដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

——————



Post a Comment

Previous Post Next Post