ក្រសួងរៀបចំដែនដី បើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់និងនីតិវិធីនានាពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


       នាព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់និងនីតិវិធីនានាពាក់ព័ន្ធនឹងវិស័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជូនមេធាវី និស្សិត  ជំនួយការ និងអ្នកហាត់ការចំនួន ៣០៣នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តលះបង់ពេលវេលាក្នុងការជួយដល់ការងាររបស់ក្រសួង និងចូលរួមទទួលយកចំណេះដឹង​និងបទពិសោធន៍នានា នៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់ និងនីតិវិធីនានាពាក់ព័ន្ធនឹងវិស័យជំនាញរបស់ក្រសួង។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយដាក់ចេញនូវចំណុចអាទិភាពចំនួន ៦ ក្នុងនោះមានការធ្វើកំណែទម្រង់មុខងារសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពមនុស្ស គុណភាពស្ថាប័ន និងការបន្តបណ្ដុះបណ្ដាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺសមស្របតាមពេលវេលា និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ។

តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់ និងនីតិវិធីនានា ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទមួយចំនួនដូចជា ច្បាប់ភូមិបាល ការចុះបញ្ជីអចលនវត្ថុ ការងាររៀបចំដែនដីនិងនគរូបនីយកម្ម  ការរៀបចំផែនទីប្រើប្រាស់ដី និងការត្រួតពិនិត្យតាមដាននិងវាយតម្លៃការងារលើផែនការប្រើប្រាស់ដី  គោលការណ៍និងទស្សនៈទូទៅនៃការរៀបចំដែនដី និងនគរូបនីយកម្ម  នីតិវិធីលម្អិតនៃការកសាងប្លង់គោលនិងផែនការប្រើប្រាស់ដីក្រុង ស្រុក ខណ្ឌ  ច្បាប់ស្ដីពីសំណង់ លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសំណង់ អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ លិខិតអនុញ្ញាតសាងសង់ ការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ និងការដោះស្រាយវិវាទដីធ្លី ជាដើម៕




Post a Comment

Previous Post Next Post