ក្រសួងបរិស្ថានគាំទ្រភាពជាដៃគូលើការស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង


      លោកស្រី វ៉ាន់នីសា ហឺរេន មូញូ(Vanessa Herranz Munoz) ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (Fishing Cat Ecological Enterprise) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន  ក្រោមកិច្ចសហប្រតិបត្តិការបន្ត លើការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី នៅតាមតំបន់គោលដៅដែលរួមមាន ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជីវ:ចម្រុះកំពង់ស្មាច់ តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងត្រែង ។ ការស្នើកិច្ចសហប្រតិបត្តិការបន្តនេះ ធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងឳកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងគាំទ្រលើការស្តារ និងពង្រឹងឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី  ពីព្រោះការងារនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចក្រាដែលក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត ដាក់ឱ្យប្រើប្រាស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ 

ជាមួយគ្នានេះ ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពដែលជាមុំសំខាន់នៅក្នុងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបឋមចំនួន២ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំ និងស្តារព្រៃឈើឡើងវិញ។  ថ្វីបើសកម្មភាពដែលក្រសួងបរិស្ថានបានកំពុងអនុវត្ត មានភាពសាមញ្ញ តែទទួលបានការគាំទ្រដោយបេះដូងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសសិស្សានុសិស្សប្រមាណជិត ៣លាននាក់ ។ ការគាំទ្រគឺជាចលករជំរុញឱ្យកម្ពុជាឈានក្លាយទៅជាប្រទេសអាព្យាក្រឹតកាបូន តាមរយៈការចែកជូនកូនឈើជូនប្រជាពលរដ្ឋឱ្យបាន ១លាន៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញ បង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ។ 

សូមរម្លឹកជូនថា Cambodian Fishing Cat Project បានចុះបញ្ជីជាផ្លូវការជា សហគ្រាស អេកូឡូស៊ី ខ្លាត្រី ខូអិលធីឌី (Fishing Cat Ecological Enterprise) មានបេសកកម្ម ការពារ ស្តារនូវប្រព័ន្ធអេកូឡូស៊ីដីសើមនៅកម្ពុជា ដើម្បីធានាការអភិរក្សជីវ:ចម្រុះ សុខភាពល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រភាពសុខដុមរមនានៃធម្មជាតិ និងមនុស្ស ៕







Post a Comment

Previous Post Next Post