សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយការប្រើប្រាស់ថ្នាលឌីជីថល ជួយពលរដ្ឋ និងអាជីវករទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាលកាន់តែងាយស្រួល


[ខេត្តមណ្ឌលគិរី]៖ ដើម្បីជំរុញការយល់ដឹង និងការចូលរួមប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ អាជីវករ ព្រមទាំងអ្នកប្រកបរបរឯករាជ្យនៅតាមមូលដ្ឋានទូទាំងខេត្ត ឱ្យស្គាល់និងចេះប្រើប្រាស់ថ្នាលឌីជីថលផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់។ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលស្រុកពេជ្រាដា បានរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ដើម្បីផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ មានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះបញ្ជីព័ត៌មាន អនុវត្តសេវាសាធារណៈ និងទទួលបានអត្ថប្រយោជន៍នានាពីគោលនយោបាយគាំពារសង្គម និងកម្មវិធីជំនួយផ្សេងៗរបស់រាជរដ្ឋាភិបាលបានកាន់តែងាយស្រួល និងឆាប់រហ័ស។ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពក្រោមវត្តមានលោក សុខហេង សូម៉ាលី អនុប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យសិប្បកម្ម លក់ដុំលក់រាយ និងជុសជួល តំណាងដ៍ខ្ពង់ខ្ពស់ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហពន័្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងលោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា ថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក និងបងប្អូនអាជីវករ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា។ ក្នុងពិធីនោះ លោក សុខហេង សូម៉ាលី បានថ្លែងថា ដើម្បីបញ្ជៀបការយល់ដឹងពី «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ» របស់រាជរដ្ឋាភិបាល ដល់អាជីវករគ្រប់ខ្នាត (តូច មធ្យម និងធំ) និងប្រជាពលរដ្ឋ សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តមណ្ឌលគិរី បន្តចុះណែនាំផ្សព្វផ្សាយនិងសម្របសម្រួលដល់បងប្អូនអាជីវករ ឱ្យចេះប្រើប្រាស់ថ្នាលឌីជីថល ដើម្បីចុះឈ្មោះ ក្នុងបំណងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗពីរដ្ឋាភិបាល តាមរយៈការចុះអប់រំ និងណែនាំដោយផ្ទាល់ ពីប្រជាពលរដ្ឋ និងអាជីវករ បានស្វែងយល់បន្ថែមអំពីការប្រើប្រាស់កម្មវិធីឌីជីថល ការបំពេញព័ត៌មានតាមប្រព័ន្ធអនឡាញ និងការទទួលបានព័ត៌មានផ្លូវការពីស្ថាប័នរដ្ឋ សម្រួលការធ្វើអជីវកម្ម កាត់បន្ថយការចំណាយពេលវេលា និងបង្កើនប្រសិទ្ធភាពក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ។លោក សុខហេង សូម៉ាលី បញ្ជាក់ថាបន្ទាប់ពីមានវត្តមាន សមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តមណ្ឌលគិរី លោកនិងក្រុមការងារ នឹងបន្តចុះផ្សព្វផ្សាយនៅតាមសហគមន៍ និងទីប្រជុំជននានាបន្ថែមទៀត ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថល និងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការប្រើប្រាស់បច្ចេកវិទ្យា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតផងដែរ។យ៉ាងណាមិញក្នុងពិធីផ្សព្វផ្សាយនោះ ប្រជាពលរដ្ឋនិងជាអាជីវកររស់នៅស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាឱកាសល្អក្នុងការបង្កើនចំណេះដឹងឌីជីថល និងជួយឱ្យគាត់អាចទទួលបានសេវា និងអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលដោយតម្លាភាព និងងាយស្រួលជាងមុន ក្នុងឱកាសពង្រីកមុខ ជំនួញផ្សេងៗតាមរយៈការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅនេះផងដែរ៕











Post a Comment

Previous Post Next Post