✧═══•❁❀❁•═══✧
ឯកឧត្តម លន់ សុផាត ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយ និងថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹក សរុប១៤៣គ្រួសារ ដែលមករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លន់ សុផាត បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយគ្រួសារកងទ័ព ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។
ឯកឧត្តមបានលើកឡើងថា អំណោយដែលបានយកមកជូននាពេលនេះ ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពខ្មែរតែមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមលះបង់ធនធាន និងកម្លាំងកាយ ចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកទីសុវត្ថិភាពដោយសារការឈ្លានពានរបស់ទាហានសៀម ។
ឯកឧត្តម លន់ សុផាត បានសូមឲ្យប្រជាពលរដ្ឋមានការអត់ធ្មត់ ដោយត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ឈានទៅបញ្ចប់សង្រ្គាម និងនាំយកសុខសន្តិភាព ជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើងនាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។
អំណោយដែលត្រូវបានចែកជូនគ្រួសារកងទ័ព និងពលរដ្ឋជនភៀសសឹករួមមាន អង្ករ, ត្រីខ, មី, ទឹកត្រីទឹកស៉ីអ៉ីវ, ទឹកសុទ្ធ, នំប៉័ង និងថវិកាមួយគ្រួសារ៥ម៉ឺនរៀន ខណៈគ្រួសារកងទ័ពថវិកា១២ម៉ឺនរៀល៕





















