ប្រទេសម៉ាឡេស៊ី៖
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានគូសបញ្ជាក់ថា ការសម្រេចចិត្តលើបទឈប់បាញ់រវាងកម្ពុជា-ថៃនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់រួមដែលតម្រូវឱ្យមានការអត់ធ្មត់ដោយចាត់ទុកផលប្រយោជន៍របស់ជនស៊ីវិលជាធំ។ កម្ពុជា-ថៃ បានដាក់ចេញនូវវិធានការជាក់ស្តែង និងវិជ្ជមានជាច្រើន រួមទាំងការផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ វិធានការទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព ហើយឯកឧត្តមអានវ៉ា អ៊ីប្រាហ៊ីម សង្ឃឹមថា ភាគីទាំងសងខាងនឹងអនុវត្តតាមដោយស្មោះត្រង់។ ម៉ាឡេស៊ីនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ការប្តេជ្ញាចិត្តទាំងនេះត្រូវបានគោរព ហើយកិត្យានុភាពនិងភាពជឿជាក់របស់អាស៊ានក្នុងនាមជាតំបន់ដែលមានសន្តិភាព ត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន៕
អង្គការសហប្រជាជាតិ៖
តាមរយៈអ្នកនាំពាក្យ «អគ្គលេខាធិការអង្គការសហប្រជាជាតិសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សហរដ្ឋអាមេរិក៖
តាមរយៈសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក សូមស្វាគមន៍ចំពោះការប្រកាសរបស់កម្ពុជានិងថៃ ស្តីពីការឈានទៅដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលបញ្ឈប់រាល់អរិភាពនៅតាមបណ្តោយព្រំដែន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកសូមជំរុញឱ្យប្រទេសកម្ពុជានិងប្រទេសថៃគោរពតាមការប្តេជ្ញាចិត្តនេះជាបន្ទាន់ និងអនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។
សាធារណរដ្ឋប្រជាមានិតចិន៖
តាមរយៈអ្នកនាំពាក្យ សាធារណរដ្ឋប្រជាមានិតចិន សូមស្វាគមន៍សេចក្តីប្រកាសរួមរបស់កម្ពុជានិងថៃ ដែលយល់ព្រមឱ្យមានបទឈប់បាញ់។ នេះបង្ហាញថា ការសន្ទនា និងការពិភាក្សាគឺជាវិធីសាស្ត្រដែលអាចប្រើបាន និងមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដ៏ស្មុគស្មាញ។ ប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែងរួមគ្នាសម្រាប់គោលបំណងនេះ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌឱ្យកម្ពុជា និងថៃ ធ្វើការទំនាក់ទំនងគ្នាកាន់តែលម្អិត និងពេញលេញ។ ចិន នឹងបន្តដើរតួនាទីស្ថាបនាក្នុងការចូលរួមដ៏មានប្រយោជន៍តាមវិធីរបស់ខ្លួនដើម្បីឱ្យកម្ពុជានិងថៃ បន្តធ្វើការរួមគ្នាក្នុងការស្តារឡើងវិញនូវការជឿទុកចិត្តគ្នាផ្នែកនយោបាយ, ស្តារឡើងវិញនូវទំនាក់ទំនងទេ្វភាគី សំដៅរក្សាសនិ្តភាពក្នុងតំបន់។
សហភាពអឺរ៉ុប៖
“សហភាពអឺរ៉ុបសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខារវាងប្រទេសកម្ពុជានិងប្រទេសថៃ ហើយសូមអំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ។ សហភាពអឺរ៉ុបថ្លែងអំណរគុណដល់អាស៊ានចំពោះការបំពេញតួនាទីយ៉ាងវិជ្ជមានក្នុងការសម្រេចបាននូវលទ្ធផលនេះ។ សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រតាមតម្រូវការចាំបាច់នានា។”
ប្រទេសបារាំង៖
“ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៃបទឈប់បាញ់រវាងប្រទេសថៃ និង កម្ពុជាដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។ អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ប្រទេសបារាំង ជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។
ប្រទេសជប៉ុន៖
ប្រទេសជប៉ុនក៏បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងបទឈបបាញ់នឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា។ ...រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងៗ រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង រួមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន។”
សហព័ន្ធរុស្ស៊ី៖
រុស្ស៊ី ក៏បានស្វាគមន៍ព័ត៌មានស្តីពីរដ្ឋាភិបាលកម្ពុជានិងថៃដែលបានបង្ហាញឆន្ទៈក្នុងការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ ដែលជាផ្នែកមួយនៃយន្តការទ្វេភាគីដែលមានស្រាប់ បានបង្កើតក្តីសង្ឃឹមដើម្បីធានាឱ្យមានបទឈប់បាញ់ និងដោះស្រាយវិវាទ។ ហើយសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរបានបញ្ជាក់ឱ្យឃើញច្បាស់នូវស្មារតីរបស់អាស៊ានក្នុងការប្តេជ្ញាចិត្ត រក្សាឯកភាព, សាមគ្គីភាព ដើម្បីពុះពារឆ្លងកាត់ភាពខុសគ្នានាពេលបច្ចុប្បន្ន៕
