ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច


ថ្លែងបើកសិក្ខាសាលា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានផ្តល់អនុសាសន៍គន្លឹះចំនួន ៥ ដូចខាងក្រោម ៖ 

ទី១- អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមផ្នែក និងផែនការសកម្មភាពរបស់ខ្លួនឱ្យមានភាពផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ទី២-  ត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមផ្នែកនីមួយ ដើម្បីធានាសង្គតិភាព ឤទិភាព ដោយផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្ររបស់ក្រសួងនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅសម្រេចឱ្យបានលទ្ធផលតាមការរំពឹងទុករបស់អង្គភាពនីមួយៗ ។

ទី៣-ត្រូវបន្តបង្កើន ការសម្របសម្រួលផែនការយុទ្ធសាស្រ្តរបស់ក្រសួង ជាមួយនឹង ដៃគូអ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញសកម្មភាពគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំង កម្មវិធីកែទម្រង់លើវិស័យធម្មការ និងសាសនាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ទី៤- រាល់ការអនុវត្តកម្មវិធី គម្រោង និងសកម្មភាព នានា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានរបាយការណ៍លទ្ធផល  នៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនោះ។

ទី៥- គ្រប់អង្គភាព ត្រូវពង្រឹងការប្រមូល ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំ ប្រកបដោយសង្គតិភាព ដើម្បីគាំទ្រដល់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាព ឱ្យបានពេញលេញ និងទាន់ពេលវេលា។

ទី៦- គ្រប់អង្គភាពក្រោមឱវាទក្រសួង ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម បំផុត ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕

#អរគុណសន្តិភាព










Post a Comment

Previous Post Next Post