ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដែលបានរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ជប់លៀងសាយជន៍អបអរសាទរខួប១៥ ឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិ»នៅសណ្ឋាគារសាន់អេនមូនរីវឺសាយ(Sun and Moon Riverside Hotel) នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាភិបាល សមាជិកសមាជិកា ក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ព្រមទាំងស្ថាប័នឧបត្ថម្ភដៃគូសហការនានា។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរ ព្រមទាំងវាយតម្លៃដ៏ខ្ពស់ចំពោះថ្នាក់ដឹកនាំសមាជិកJCIទាំងអស់ចំពោះការលះបង់ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជា និងសូមចូលរួមអបអរសាទរខួប១៥ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងខួប១១០ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិ។
ឯកឧត្តមមានប្រសាសន៍ថា បេសកកម្មរបស់ JCI Cambodia គឺជាការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជាដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំព្រមទាំងមានការទទួលស្គាល់ ក្នុងកម្រិតជាតិ និងអន្ដរជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា «ក្នុងរយៈពេល១៥ឆ្នាំមកនេះ JCI Cambodia បានរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់ឱកាសនិងបង្កបរិយាកាសដល់យុវជន ពង្រឹងសមត្ថភាព និងចូលរួមចំណែកសម្រាប់សង្គមជាតិ។ សមិទ្ធផលដែលជោគជ័យមួយ គឺការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២៤ ដែលបានប្រមូលផ្តុំពាណិជ្ជករអន្តរជាតិពីបណ្តាប្រទេសជាច្រើន ដែលផ្តល់ឱកាស ការទំនាក់ទំនងពីសក្តានុពលរបស់គ្នាទៅវិញទៅមក និងជាពិសេស អាចមកមើលពីសក្តានុពលវិនិយោគនៅកម្ពុជា។ ការសម្រេចបាននូវសមិទ្ធផលរបស់ JCI Cambodia បានឆ្លុះបញ្ចាំងពីស្មារតីរួបរួមសាមគ្គី និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា»។
លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានថ្លែងថា ក្រោមការដឹកនាំពីក្រុមប្រឹក្សាថ្នាក់ជាតិ ក្រុមប្រឹក្សាថ្នាក់តំបន់ និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីសមាជិកសមាជិការយៈពេល១៥ឆ្នាំមកនេះ បានជំរុញឱ្យសភាពាណិជ្ជករអន្តរជាតិកម្ពុជា មានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើសកម្មភាពសំខាន់ៗ ចំនួន៤ធំៗដូចជាទី១.ចូលរួមអភិវឌ្ឍន៍សមត្ថភាព និងចំណេះជំនាញរបស់យុវជនកម្ពុជាជំនាន់ក្រោយដែលសុទ្ធសឹងតែជាសរសរស្តម និងអ្នកបន្តវេនជំនាន់ក្រោយ, ទី២. ចូលរួមពង្រឹងគុណភាពនៃអាជីវកម្មនៅកម្ពុជាដែលជាសរសៃរឈាមសេដ្ឋកិច្ចកម្ពុជា , ទី៣.ជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈគម្រោងសង្គម ក្នុងវិស័យអប់រំ សុខាភិបាល និងបរិស្ថានជាដើម និងទី៤ ចូលរួមចំណែកផ្សព្វផ្សាយពីកម្ពុជា នៅលើឆាកអន្តរជាតិក្នុងវិស័យទេសចរណ៍ និងឱកាសវិនិយោគផ្សេងៗ។
លោកបន្ថែមថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងបន្តរៀបចំកម្មវិធីតូចធំដទៃទៀត ដើម្បីនាំយកភ្ញៀវទេសចរណ៍ វិនិយោគិន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង។
សូមជម្រាបថា កម្មវិធីអបអរសាទរខួប១៥ ឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិ រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ក្នុងគោលបំណងជួបជុំនូវសមាជិកសភាយុវពាណិជ្ជករទាំងជាតិនិងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធន៍នៃការវិនិយោគនៅប្រទេសកម្ពុជា៕














