បណ្ឌិត ហ៊ាង គឹមស្រឿន កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានភាពវៃឆ្លាតក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើយន្តការទ្វេភាគី និងផ្អែកលើច្បាប់អន្តរជាតិ


   ភ្នំពេញ ៖ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធដើម្បីសន្តិភាព "សសស" បានកោតសរសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានភាពវៃឆ្លាតក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើយន្តការទ្វេភាគី និងផ្អែកលើច្បាប់អន្តរជាតិ។ ការកោតសរសើរនេះ នៅក្នុងពិធីអាហារសាមគ្គី និងចែកសម្ភារៈសិក្សា ថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុសខ្លួន និងថវិកាជូនក្មេងៗ និងចាស់ៗ ខ្មែរឥស្លាម ចំនួន១២០ នាក់ នៅភូមិចុងថ្នល់ សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

បណ្ឌិត ហ៊ាង គឹមស្រឿន បានលើកឡើងពីគុណតម្លៃ នៃសន្តិភាព ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព និងគាំទ្រការដឹកនាំសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។ ហើយក៏បានលើកឡើងពីការលើកកម្ពស់ និងសេរីភាពក្នុងការគោរពប្រតិបត្តិសាសនា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

បណ្ឌិត ហ៊ាង គឹមស្រឿន បានលើកឡើងពីការសង្គ្រាះជីវិតជាតិ និងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការខិតខំប្រឹងប្រឹងរបស់សម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

បណ្ឌិត ហ៊ាង គឹមស្រឿន ក៏បានលើកឡើងពីចលនាក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលជាសកម្មភាពមិនខុសអីពីការឃោសនា ប៉ុល ពត ញុះញង់ឲ្យរើសអើងវណ្ណៈ បំបែកបំបាក់ជាតិ និងឈានដល់ការកាប់សម្លាប់ខ្មែរអស់រាប់លាននាក់។ ដោយបានប្រៀបធៀបពួកក្រុមជ្រុលនិយមទៅនឹងរបប ប៉ុល ពត ទី២÷ បាននឹងកំពុងធ្វើសកម្មភាពក្នុងគោលបំណងបំផ្លាញជាតិ សុខសុវត្ថិភាពប្រជាជន និងចង់ទាញប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី៕

អរគុណសន្ដិភាព





Post a Comment

Previous Post Next Post