ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលសាកសួរទុក្ខ និងស្តាប់អ្វីដែលជាស្ថានភាពមូលដ្ឋានជាមួយគណៈកម្មការបក្សឃុំ-សង្កាត់ ជាមួយបក្សភូមិនៅឃុំរលាំងគ្រើល និងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងឱកាសនោះ ឯកឧត្តមក៏បានចែករំលែកនូវបច្ចុប្បន្នភាពភាពជម្លោះព្រំដែនកម្ពុជា-ថៃ ជូនទៅដល់សមាជិក សមាជិកា នៃអង្គប្រជុំ ដោយឯកឧត្តមបានលើកឡើងថា សង្រ្គាមដែលយើងបានឆ្លងកាត់កន្លងទៅថ្មីៗនេះ សរបញ្ជាក់អំពីសមត្ថភាពរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ការផ្ទុះអាវុធរយៈពេល ៥ ថ្ងៃ នេះបានធ្វើឱ្យវីរកងទ័ពពលី និងរបួស ព្រមទាំងបំផ្លិចបំផ្លាញ ហេដ្ឋរចនាសម្ព័ន្ធ លំនៅដ្ឋាន ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ដោយមានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចឱ្យរាជរដ្ឋាភិបាលទទួលបន្ទុកលើការរៀបចំបុណ្យសពជូនដំណើរវីរកងទ័ពឱ្យបានសក្តិសមប្រកបដោយកិត្តិយស។ បន្ថែមពីនេះទៀត តំណាងឱ្យសម្តេចធិបតី ខ្ញុំក៏បានទៅសាកសួរសុខទុក្ខ និងជូនពរដល់ពូៗ បងៗ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនានាផងដែរ។ ថ្វីត្បិតតែពួកគាត់មានរបួសពិតមែន ប៉ុន្តែទឹកចិត្តស្មារតីនិងឆន្ទៈនៅតែខ្លាំងក្លាជានិច្ចក្នុងការការពារមាតុភូមិ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលកំពុងដឹកនាំការងារលើគ្រប់សមរភូមិសំដៅបញ្ចប់ជម្លោះទាំងស្រុងដោយសន្តិវិធី ដើម្បីវីរកងទ័ពរបស់យើងបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ជួបជុំក្រុមគ្រួសារ ជាពិសេស ធ្វើឱ្យស្ថានភាពតាមតំបន់ព្រំដែនត្រលប់មករកប្រក្រតីភាពវិញ។