........................
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា ក្នុងពេលបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម បានជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន តាមរយៈទេសចរណ៍ និងការពិនិត្យ-ព្យាបាលសុខភាព។
ការលើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងឲ្យដឹងថា ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្ដីវៀតណាម ភាគីទាំងពីរបានជជែកគ្នាលើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈពាណិជ្ជកម្ម សេដ្ឋកិច្ច ក្នុងពាណិជ្ជកម្ម, សេដ្ឋកិច្ច,ការវិនិយោគ។ ដោយនាយករដ្ឋមន្រ្ដីវៀតណាម បានកត់សំគាល់ និងបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ធ្វើយ៉ាងណាភាគីទាំងពីរនឹងជំរុញបន្ថែមទៀត ដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចគោលដៅផែនការពាណិជ្ជកម្ម ដែលភាគីទាំងចង់បាន ២០ពាន់លានដុល្លារ ក្នុងនោះភាគីទាំងពីរបានសម្រេចរួចហើយនូវគោលដៅ ១០ពាន់លានដុល្លារ។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជជែកទាក់ទិននឹងវិស័យទេសចរណ៍ ជាមួយនាយករដ្ឋមន្រ្ដីវៀតណាម។ ក្នុងនោះនាយករដ្ឋមន្រ្ដីវៀតណាម បានលើកឡើងថា ទេសចរណ៍របស់វៀតណាម បានធ្វើដំណើរមកកាន់កម្ពុជាច្រើន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ផងដែរថា ក្នុងពេលនេះទេសចរណ៍របស់វៀតណាម បានឈរលំដាប់ថ្នាក់លេខ១ ក្នុងការធ្វើដំណើរកំសាន្ដមកកាន់កម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ បានបន្ថែមថា «ដូច្នេះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដែលឯកឧត្តមនាយករដ្ឋមន្រ្ដីវៀតណាម លើកឡើងថា ភាគីទាំងពីរត្រូវធ្វើជាមួយគ្នាឲ្យកាន់តែរីកចម្រើន ចំណុចស្នូលមួយទៀតនោះគឺ ទេសចរណ៍ទាំងអស់ក៏មានទេសចរណ៍ តាមរយៈការព្យាបាលជំងឺ ដែលប្រជាជនកម្ពុជា បានព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាម។ ឯកឧត្តម នាយករដ្ឋមន្រ្ដីវៀតណាមបានបញ្ជាក់ថា ការសម្រួលដល់ប្រជាជនកម្ពុជា ទៅព្យាបាលនៅប្រទេសវៀតណាម គឺផ្ដល់ភាពងាយស្រួល ក្នុងការទាក់ទាញបន្ថែមទៀត ឬក៏ជាកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ»៕