ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកៀរគររកមូលនិធិ ដើម្បីអបអរសាទរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់អាកាសធាតុ» ដើម្បីសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថា៖ សម្រាប់ឆ្នាំនេះ ក្នុងកិច្ចប្រជុំគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងកន្លងមក បានសម្រេចថាយើងមិនរៀបចំពិធី ធ្វើទិវានោះទេ ដូចនេះសាខាកាកបាទក្រហមខេត្តសម្រេចធ្វើជាលិខិតអំពាវនាវ ចែកជូនដល់សប្បុរសជន ដើម្បីជួយទ្រទ្រង់និងជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង តាមរយៈនៃការបរិច្ចាកថវិកាពីសប្បុរសជន គ្រប់ទិសទី និងពីគ្រប់មជ្ឈដ្ឋាន តាមមូលដ្ឋានបណ្តា ក្រុង ស្រុក ដែលចំណុះឱ្យរដ្ឋបាលខេត្ត នៅតាមស្ថាប័ន មន្ទីរ អង្គភាព នានាជុំវិញខេត្ត និងពីគ្រប់អាជីវករ សិប្បករ នៅតាមបណ្តារោងចក្រសហគ្រាស ផលិតកម្មនានា នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្ត ដើម្បីចលនាបំផុសឱ្យគេបានចូលរួមជាមួយនិងសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត និង តាមរយៈនៃការកៀរគរថវិកា របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំកន្លងមក ជាពិសេសក្នុងការប្រារព្ធអបអរសាទរខួបទី ១៦២ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ នេះក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់អាកាសធាតុ“ ។
ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់បណ្តា មន្ទីរ អង្គភាព វិស័យជំនាញនានា ឱ្យចូលរួមជួយបំផុសការអំពាវនាវ បន្ថែមទៀត ដល់ស្រទាប់មហាជន និងបងប្អូនសប្បុរសជន ស្ថិតក្រោមឱវាទឱ្យចូលរួមជាសប្បុរសធម៌ ក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ទោះតិចឬច្រើនក្តី ដើម្បីជួយទ្រទ្រង់នូវសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មមនុស្សធម៌ក្នុងខេត្តបាត់ដំបងយើង៕