ខេត្តកំពង់ស្ពឺ៖ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ជូន ឲ្យអស់លោកអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្តត្រូវនាំគ្នា អនុវត្តនិងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទឲ្យខាងតែបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ឃើញថាក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់រាជធានីខេត្ត ឃើញថាបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវបានថមថយគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រជាពលរដ្ឋ នៅទូទាំងរាជធានីខេត្តអបអរសាទរ នូវចំណាត់ការ ដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រទេស ដ៏ឈ្លាសវៃរ បស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែផ្ទុយទៅវិញ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទំនងហាក់បីដូចជានាំគ្នា ផ្គើននឹងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ មហាជននៅក្នុងសង្កាត់ និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ននេះ ល្បែងស៊ីសងខុសច្បាប់ ប្រភេទ មាន់ជល់តាមប្រព័ន្ធអនឡាញ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៤ ទល់មុខរោងចក្រកាត់ដេរយីហោសុីគ្លូ នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច មិនមានចំណាត់ការ ទប់ស្កាត់បង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះទេ។
សូមជម្រាបថាទាក់ទិននឹងបទល្មើសល្បែងស៊ីសង ខាងលើមហាជនបានលើកឡើងថា ល្បែងតែងតែវិនាស ទីណាមានបទល្មើសល្បែងស៊ីសង ទីនោះនឹងមានអំពើហិង្សានៅក្នុងគ្រួសារអំពើលួច និងអំពើឆក់ប្លន់អាចបង្កើតមានឡើងដោយសារក្រុមអ្នកមានល្បែងលេងល្បែងស៊ីសងអស់លុយក៏នឹកឃើញឡើងជាអំពើទុច្ចរិតធ្វើឲ្យសង្គមស្អប់ខ្ពើម។ សូមជម្រាបន្ថែមថា ប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់និងក្រុងច្បារមន ទំនងត្រូវថ្នាំពីសំណាក់ម្ចាស់ទីតាំងឬក្រុមហ៊ុនមាន់ជល់អនឡាញខាងលើនេះអស់ហើយទេឬទើបបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឬមួយក៏អស់លោកផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទេដឹង។
ពាក់ព័ន្ធនឹងជុំវិញករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខាងលើនេះមហាជនបានសំណូមពរដល់ សមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ជាពិសេសលោកលោកជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់វិធានការបង្ក្រាបទីតាំងល្បែងមាន់ទល់អនឡាញ នៅក្នុងមូលដ្ឋានខាង លើនោះផង។ បើការរំពឹងទៅលើមន្ត្រីអាជ្ញាធរប៉ុស្តិ៍សង្កាត់ច្បារមន ក្រុងច្បារមន ហាក់មិនមានចំណាត់ការចំពោះករណីនេះទេ៕
Tags:
ព័ត៌មានសន្តិសុខសង្គម