ខេត្តពោធិ៍សាត់៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ឆមាសទី១ឆ្នាំ២០២៥ ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសាធារណៈលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការដោះស្រាយជីវភាពជូនប្រជាជន និងការផ្ដល់សេវាសាធារណៈចាំបាច់នានា នៅមូលដ្ឋានឱ្យកាន់តែប្រសើរ។
រដ្ឋបាលខេត្តបានរៀបចំពិធីប្រគល់ជ័យលាភី ដល់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤កន្លងមក។ ជាមួយគ្នានេះការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ជាកត្តាគន្លឹះដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតមានការរីកចម្រើន ស្រមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល។
ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាដល់ប្រជាជនគ្រប់រូបនិងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ប្រកបដោយជីវភាពរុងរឿង និងសុខដុមរមនា។ បន្ទាប់ពីរបាយការណ៍សង្ខេប របស់ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់រួចមក។
ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ក៍ដូចសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច រហូតទទួលបានលទ្ធផលល្អប្រសើរ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ពិនិត្យឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ បទល្មើសឧក្រិដ្ឋនិងបទល្មើសមជ្ឈិមនៅខេត្តពោធិ៍សាត់ មានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ទាំងនេះដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ។
ឯកឧត្តមសន្តិបណ្ឌិត សូមឱ្យបន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន បន្តពង្រឹងវិធានការជំនាញ វិធានការច្បាប់ វិធានការរដ្ឋបាល បង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់