នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អមដំណើរដោយលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី២រូប ដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ។
ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ កិត្តិសង្គហបណ្ឌិត គន់ គីម សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់វីរភាពកងទ័ពទាំង ២រូប រួមមាន លោកអនុសេនីយ៍ត្រី ហៀង ចន្ថា កងទ័ពនៃកងពលតូចលេខ៥ និង លោកព្រឹន្ទបាលឯក ណុប វិត្តា កងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលទទួលមរណភាព ក្នុងការជម្លោះព្រំដែនជាមួយកងទ័ពថៃនៅតាមបន្ទាត់ព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
កិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកការបាត់បង់វីរកងទ័ពពលីទាំង២រូបថា ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវ យោធិន ស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការធ្វើពលីកម្មរបស់វីរកងទ័ពទាំង២ បានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំង២រូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងប៉ះការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្តទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។
កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។
ជាចុងក្រោយ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីឱ្យខាងតែបាន ដើម្បីជាតិ និងប្រជាជន។
សូមជម្រាបថា ថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រគល់ជូនគ្រួសារសព ក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន ៨០លានរៀល និងជាងនេះទៅទៀត ក្នុងករណីក្រុមគ្រួសារកងទ័ពពលី ជាប់បំណុលធនាគារ នឹងត្រូវសម្រេចលុបចោលទាំងអស់ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕