នាថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានចេញព្រះរាជប្រកាសនីយប័ត្រ ត្រាស់សម្រេចផ្ដល់គោរម្យ៍ងារ អគ្គមហាឧបាសិកា ជាកិច្ចបច្ឆាមរណៈ ជូនដល់ ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលឧបាសិកា បានទទួលមរណភាព ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង០១:៥៨នាទី រំលងអធ្រាត្រ (នៅសហរដ្ឋអាមេរិក) និងផ្ទេរសព មកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាន លេខ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខបុរីសាន់វេ)។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ ជា ដានី ព្រមទាំងក្រុមគ្រួសារ សូមក្រាបថ្វាយគោរពថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះជាណាចក្រកម្ពុជា ដែលសព្វព្រះរាជហទ័យ សម្រេចត្រាស់បង្គាប់ផ្តល់គោរម្យ៍ងារ ជូន ឧបាសិកា កាំង ម៉េងហ៊ាង ជា អគ្គមហាឧបាសិកា ជាកិច្ចបច្ឆាមរណៈ នាពេលនេះ និងសូមគោរពបួងសួងថ្វាយជូន សម្ដេចទាំងទ្វេរព្រះអង្គ សូមទ្រង់មេត្តាទទួលបាននូវព្រះពុទ្ធពរទាំង ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕