សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលដឹកនាំដោយ លោក អ៊ុច លាង ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៍ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនវៀតណាម ជាពិសេស ក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។ ក្នុងនោះផងដែរ សមាគមបានបន្តដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យ អតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមួយ ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងនូវការកោតសសើរដល់ លោក អ៊ុច លាង ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិកសមាគម នៅពេលដែលមានទុក្ខលំបាកនានា។ សម្តេចបានបន្តទៀតថា ការបណ្តុះបណ្តាលធនធានមនុស្សនេះ បានក្លាយទៅជាអាទិភាពមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងអណត្តិទី ៧ នៃរាជរាដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្ត ក្នុងការជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យ លោក អ៊ុច លាង បន្តបង្កើនកិច្ចសហប្រតិបត្តិការរបស់សមាគមន៍បន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។