នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនកម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា៖ «បច្ចុប្បន្ន ក្រុមហ៊ុនកម្ពុជាតេលា មានកំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពអាចឱ្យកប៉ាល់ធំៗចូលចតបាន អាចនាំចូលប្រេងពីប្រភពផ្សេងៗជុំវិញពិភពលោក និងមានប្រព័ន្ធចែកចាយរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នគុណភាពខ្ពស់ តាមតម្រូវការប្រើប្រាស់របស់ប្រជាជនខ្មែរទូទាំងប្រទេស។»
ក្រុមហ៊ុនប្រេងឥន្ទនៈដែលមានម្ចាស់ជាជនជាតិខ្មែរ កាលពីពេលថ្មីៗនេះក៏បានប្រកាសថា "ក្រុមហ៊ុនបានកសាងអភិវឌ្ឍ និងត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងមូលទោះស្ថិតក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ។"
គួររម្លឹកថា អ្នកឧកញ៉ា ឈុន អូន ជាឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេសក្នុងការគ្រប់គ្រង។ អ្នកឧកញ៉ា ជាសហគ្រិនជើងចាស់ជោគជ័យក្នុងពិភពជំនួញមួយរូបនៅកម្ពុជា ហើយថែមទាំងបានបោះទុនវិនិយោគក្នុងវិស័យប្រេងឥន្ទនៈនេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។