អ្នកឧកញ៉ា គិត ម៉េង នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥


   អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ដើម្បីជំរុញនិងលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងចម្បងដើម្បីជំរុញនិងលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាដល់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងសហគ្រិន ក្នុងការចែករំលែកបទពិសោធន៍ ស្វែងយល់អំពីនិន្នាការថ្មីៗ និងបច្ចេកវិទ្យាទំនើប ដែលអាច អនុវត្តន៍ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងអាជីវកម្ម តាមរយៈបទបាឋកថា កិច្ចពិភាក្សា និងការចែករំលែកពីសំណាក់ ធុរជនឆ្នើមៗ ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ នាឱកាសនោះ សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរក៏នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ។



Post a Comment

Previous Post Next Post