តាមពាក្យបណ្តឹងដែលសារព័ត៌មានសុវណ្ណសិលាទើបទទួលបាននៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ បានរៀបរាប់យ៉ាងលំអិតអំពីភាពមិនប្រក្រតីនៃការកសាងសំណុំរឿង និងភាពមិនប្រក្រតីចំពោះការអះអាងរបស់មន្ត្រីនគរបាលលើកឡើងអំពីអ្នកលូកដៃធ្វើអន្តរាគមន៍។
ក្នុងពាក្យបណ្តឹង លោកយឹង សារ៉ាត់ ជំរាបជូន ឯកឧត្តម អភិសន្តិបណ្ឌិត ថារបាយការណ៍ និងកំណត់ហេតុរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានភាពមិនប្រក្រតី និងក្លែងបន្លំ។
១. មេធាវីរបស់ខ្ញុំបាទបានបញ្ជាក់ប្រាប់ថាការកសាងសំណុំរឿងមានភាពមិនប្រក្រតី។
២. មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឃាត់ខ្លួនជនបង្កឈ្មោះថាន ធាន នៅថ្ងៃទី១០
ខែកុម្ភះ ឆ្នាំ២០២៥ លុះ៥ថ្ងៃក្រោយមក ទើបបញ្ជូនបន្តទៅស្នងការរដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ។
៣. ហេតុអ្វីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត មិនបើកការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដែលអង្គុយរួមតុជាមួយឈ្មោះថាន ធាន មានបុរសដាក់ធ្មេញមាស និងបក្សពួកផ្សេងទៀត?
៤. ពាក្យបណ្តឹងរបស់ខ្ញុំបាទប្តឹងឈ្មោះថាន ធាន ខ្ញុំបានរៀបរាប់ច្បាស់ៗថា ខ្ញុំឥតបានវាយ
ឈ្មោះថាន ធាន សូម្បីមួយដៃ តែខ្ញុំបានយកស្មាទៅប៉ះស្មារបស់គាត់ ដោយហេតុគាត់អស់ជំហរគាត់បានដួល ហើយស្រាប់តែមានបក្សពួកខាងគាត់វាយលើរូបខ្ញុំឲ្យរបួសធ្ងន់ បែជាក្នុងពាក្យបណ្តឹងសរសេរថា ខ្ញុំបាទបានវាយឈ្មោះថាន ធាន មួយដៃទៅវិញ។
៥. សាក្សីរបស់ខ្ញុំបាទ ឈ្មោះ ធៀង សេង បានផ្តល់ចំលើយថា នៅពេលខ្ញុំបាទដើរទៅរកប្រពន្ធនៅតុដែលគាត់កំពុងអង្គុយរួមគ្នាជាមួយឈ្មោះថាន ធាន ខ្ញុំបាទបានសួរថា តើឃើញប្រពន្ធរបស់ខ្ញុំឬអត់? នៅពេលនោះមានបុរសម្នាក់និយាយថា៖ “បើហ្អែងខ្លាចបាត់ប្រពន្ធម៉ិចមិនសរសេរឈ្មោះពាក់នឹងកទៅ?” បែជាលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បំលែងខុសការពិត ប្រែជាសរសេថា ឈ្មោះ ថាន ធាន ដែលអង្គុយជាមួយភរិយារបស់គាត់ ស្រែកសួរគ្នាថា ឃើញប្រពន្ធខ្ញុំៗនៅណា? និងសរសេរថាខ្ញុំបាទជាអ្នកនិយាយ “បើខ្លាចបាត់ប្រពន្ធសរសេរប៉ាយដាក់កទៅ” ទៅវិញ។ តាមការពិតតើឈ្មោះថាន ធាន ស្រែកសួរប្រពន្ធគាត់ដូចម្តេច បើប្រពន្ធគាត់នៅក្បែរខ្លួនគាត់ស្រាប់ទៅហើយនោះ។
៦. ហេតុអ្វីលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បដិសេដមិនទទួលសាក្សីរបស់ខ្ញុំបាទឈ្មោះ សែម ឌីម៉ៅ និងឈ្មោះ ផ្លុង សំអូន?
៧. ក្នុងរបាយការណ៍បញ្ជូន ឥតមានបញ្ជូលរូបភាពខ្ញុំបាទដែលទទួលរងគ្រោះធ្ងន់ធ្ងរ, ឥតមាន
បង្ហាញរូបភាពខ្សែដៃ ខ្សែករដែលដាច់ និងឥតមានបញ្ជូលក្លឹមសារអំពីការបាត់បង់បន្តោងខ្សែកររបស់ខ្ញុំបាទទេ។
៨. នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខ្ញុំបាទបានទទួលដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការទើបមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ឈ្មោះ ឈួន មនោ ប្រគល់ដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការមកឲ្យខ្ញុំបាទ។ ឈ្មោះ ឈួន មនោ មានចេតនាមិនល្អ ធ្វើរបាយការណ៍ជូនចៅក្រម សាលាដំបូងខេត្តបន្ទាយមានជ័យ ថារកខ្ញុំបាទមិនឃើញទៅវិញ។
លោកយឹង សារ៉ាត់ បញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ “ការធ្វើបាយការណ៍ និងការសរសេរកំណត់ហេតុបំភ្លៃការពិតរបស់មន្ត្រីនគរបាលយុត្តិធម៍ក្រុងប៉ោយប៉ែត ធ្វើឲ្យខ្ញុំបាទទទួលរងនៅភាពអយុត្តិធម៍យ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ជាក់ស្តែងឥទ្ធិពលនៃភាពមិនប្រក្រតីនៃរបាយការណ៍ បង្កើតនូវបុរេនិច្ឆ័យប៉ះពាល់ដល់គុណភាពនៃសេចក្តីសម្រេចចិត្តរបស់មន្ត្រីតុលាការដែលកំពុងកាន់សំណុំរឿងរបស់ខ្ញុំបាទ ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រើឆន្ទានុសិទ្ធិប្រកបដោយបុរេនិច្ឆ័យ ចោទប្រកាន់ថា បុគ្គលដែលប្រើហិង្សាមកលើខ្ញុំបាទ ឲ្យមានរបួសធ្ងន់ ជាបក្សពួករបស់ខ្ញុំបាទទៅវិញ។ តាមការពិតខ្ញុំបាទគ្មានបក្សពួកអ្វីសោះឡើយ អ្នកប្រើហិង្សាលើខ្ញុំបាទ សុទ្ធសឹងជាបក្សពួករបស់ឈ្មោះថាន ធាន ប្រសិនបើឃាត់ខ្លួនបុគ្គលដាក់ធ្មេញមាស និងបុគ្គលរួមតុជាមួយឈ្មោះថាន ធានមកសាកសួរនឹងដឹងការពិតជាក់ស្តែងយ៉ាងប្រកដ”។
អរគុណសន្ដិភាព