កណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានដឹកនាំក្រុមការងារ យកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤ គ្រួសារ ស្ថិតក្នុងភូមិកំពង់គរ, ភូមិព្រែកតារត្ន័ និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
អំណោយមនុស្សធម៌នោះ រួមមាន អង្ករ១បេ, មី១កេស, ទឹកត្រី២យួរ, ភួយ១ , ត្រីខ១យួរ ព្រមទាំងថវិកា ដើម្បីជួយសម្រួលការរស់នៅប្រចាំថ្ងៃ និងបន្ធូរបញ្ហាប្រឈមជីវភាពរបស់គ្រួសាររបស់ពួកគាត់។
ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍ថា ការផ្ដល់អំណោយនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ ដើម្បីចូលរួមចំណែកជួយគ្នាក្នុងគ្រាខ្វះខាត និងជួយសង្គ្រោះបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជីវភាពលំបាកខ្លាំង។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា សមាគមនឹងបន្តអនុវត្តបេសកកម្មជាបន្តបន្ទាប់ ដើម្បីជួយដល់សង្គមជាតិកម្ពុជា ដោយឧត្តមគតិមនុស្សធម៌ និងភាពស្មោះត្រង់។
ប្រជាពលរដ្ឋដែលទទួលអំណោយ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហែម ប្រសើរ និងថ្នាក់ដឹកនាំសមាគមទាំងអស់ ដែលបានឧបត្ថម្ភថវិកានិងសម្ភារៈ ជូនដល់ពួកគាត់ដែលកំពុងតែមានជីវភាពខ្វះខាតលំបាកខ្លាំង។
ប្រជាពលរដ្ឋទាំង ៤ គ្រួសារ បានសម្ដែងនូវការត្រេកអរនិងគោរពជូនពរជ័យសិរីសួស្ដី វិបុលសុខ សុខភាពល្អ អាយុយឺនយូរ ដើម្បីឯកឧត្តមបណ្ឌិតនិងក្រុមការងារទាំងអស់ មានឱកាសបានជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយូរអង្វែងបន្តទៀត៕ អរគុណសន្ដិភាព