លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្សពួកចូលមកឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ករណីមន្ត្រីធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិតពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមពាក្យបណ្តឹងដែលសារព័ត៌មានយើងខ្ញុំទើបទទួលបាននៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ បានរៀបរាប់យ៉ាងលំអិតអំពីភាពមិនប្រក្រតីនៃការកសាងសំណុំរឿង និងភាពមិនប្រក្រតីចំពោះការអះអាងរបស់មន្ត្រីនគរបាលលើកឡើងអំពីអ្នកលូកដៃធ្វើអន្តរាគមន៍។
ក្នុងពាក្យបណ្តឹង លោកយឹង សារ៉ាត់ ជម្រាបជូនឯកឧត្តម អភិសន្តិបណ្ឌិតថា របាយការណ៍ និងកំណត់ហេតុរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានភាពមិនប្រក្រតី និងក្លែងបន្លំ។
១. មេធាវីរបស់ខ្ញុំបាទបានបញ្ជាក់ប្រាប់ថា ការកសាងសំណុំរឿងមានភាពមិនប្រក្រតី។
២. មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបានឃាត់ខ្លួនជនបង្កឈ្មោះថាន ធាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លុះ៥ថ្ងៃក្រោយមកទើបបញ្ជូនបន្តទៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
៣. ហេតុអ្វីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមិនបើកការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដែលអង្គុយរួមតុជាមួយឈ្មោះថាន ធាន មានបុរសដាក់ធ្មេញមាស និងបក្សពួកផ្សេងទៀត?
៤. ពាក្យបណ្តឹងរបស់ខ្ញុំបាទប្តឹងឈ្មោះថាន ធាន ខ្ញុំបានរៀបរាប់ច្បាស់ៗថា ខ្ញុំឥតបានវាយឈ្មោះថាន ធាន សូម្បីមួយដៃតែខ្ញុំបានយកស្មាទៅប៉ះស្មារបស់គាត់ដោយហេតុគាត់អស់ជំហរគាត់បានដួលហើយស្រាប់តែមានបក្សពួកខាងគាត់វាយលើរូបខ្ញុំឱ្យរបួសធ្ងន់បែរជាក្នុងពាក្យបណ្តឹងសរសេរថា ខ្ញុំបាទបានវាយឈ្មោះថាន ធាន មួយដៃទៅវិញ។
៥. សាក្សីរបស់ខ្ញុំបាទ ឈ្មោះ ធៀង សេង បានផ្តល់ចម្លើយថា នៅពេលខ្ញុំបាទដើរទៅរកប្រពន្ធនៅតុដែលគាត់កំពុងអង្គុយរួមគ្នាជាមួយឈ្មោះថាន ធាន ខ្ញុំបាទបានសួរថា តើឃើញប្រពន្ធរបស់ខ្ញុំឬអត់? នៅពេលនោះមានបុរសម្នាក់និយាយថា៖ “បើហ្អែងខ្លាចបាត់ប្រពន្ធម៉េចមិនសរសេរឈ្មោះពាក់នឹងកទៅ?” បែរជាលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បំលែងខុសការពិតប្រែជាសរសេរថា ឈ្មោះ ថាន ធាន ដែលអង្គុយជាមួយភរិយារបស់គាត់ស្រែកសួរគ្នាថា ឃើញប្រពន្ធខ្ញុំៗនៅណា? និងសរសេរថាខ្ញុំបាទជាអ្នកនិយាយ “បើខ្លាចបាត់ប្រពន្ធសរសេរប៉ាយដាក់កទៅ” ទៅវិញ។ តាមការពិត តើឈ្មោះថាន ធាន ស្រែកសួរប្រពន្ធគាត់ដូចម្តេចបើប្រពន្ធគាត់នៅក្បែរខ្លួនគាត់ស្រាប់ទៅហើយនោះ?
៦. ហេតុអ្វីលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បដិសេដមិនទទួលសាក្សីរបស់ខ្ញុំបាទឈ្មោះ សែម ឌីម៉ៅ និងឈ្មោះ ផ្លុង សំអូន?
៧. ក្នុងរបាយការណ៍បញ្ជូនឥតមានបញ្ជូលរូបភាពខ្ញុំបាទដែលទទួលរងគ្រោះធ្ងន់ធ្ងរឥតមានបង្ហាញរូបភាពខ្សែដៃ ខ្សែកដែលដាច់ និងឥតមានបញ្ជូលខ្លឹមសារអំពីការបាត់បង់បន្តោងខ្សែករបស់ខ្ញុំបាទទេ។
៨. នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មុនថ្ងៃកំណត់មួយថ្ងៃទើបខ្ញុំបាទបានទទួលដីកាបង្គាប់ឱ្យចូលខ្លួន។ ឈ្មោះ ឈួន មនោ ប្រគល់ដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការមកខ្ញុំបាទនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បែជាឈ្មោះ ឈួន មនោ មានចេតនាមិនល្អធ្វើរបាយការណ៍ជូនចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យថារកខ្ញុំបាទមិនឃើញទៅវិញ។
លោក យឹង សារ៉ាត់ បញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ “ការធ្វើរបាយការណ៍ និងការសរសេរកំណត់ហេតុបំភ្លៃការពិតរបស់មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតធ្វើឱ្យខ្ញុំបាទទទួលរងនូវភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ជាក់ស្តែងឥទ្ធិពលនៃភាពមិនប្រក្រតីនៃរបាយការណ៍បង្កើតនូវបុរេនិច្ឆ័យប៉ះពាល់ដល់គុណភាពនៃសេចក្តីសម្រេចចិត្តរបស់មន្ត្រីតុលាការដែលកំពុងកាន់សំណុំរឿងរបស់ខ្ញុំបាទដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រើឆន្ទានុសិទ្ធិប្រកបដោយបុរេនិច្ឆ័យចោទប្រកាន់ថា បុគ្គលដែលប្រើហិង្សាមកលើខ្ញុំបាទឱ្យមានរបួសធ្ងន់ជាបក្សពួករបស់ខ្ញុំបាទទៅវិញ។
តាមការពិតខ្ញុំបាទគ្មានបក្សពួកអ្វីសោះឡើយ អ្នកប្រើហិង្សាលើខ្ញុំបាទ សុទ្ធសឹងជាបក្សពួករបស់ឈ្មោះថាន ធាន ប្រសិនបើឃាត់ខ្លួនបុគ្គលដាក់ធ្មេញមាស និងបុគ្គលរួមតុជាមួយឈ្មោះថាន ធាន មកសាកសួរនិងដឹងការពិតជាក់ស្តែងយ៉ាងប្រាកដ៕ អរគុណសន្ដិភាព