នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ ហើយដែលគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះនៅខេត្តដទៃទៀតផងដែរ ដើម្បីធានា ឱ្យបាននូវប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ ការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិក្នុងកម្រិតទូទាំងប្រទេស។
នៅក្នុងមតិបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ និង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបាន ចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ គ.ស.ព.ស. និងការជួយឧបត្ថម្ភគាំទ្រសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ពីសំណាក់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារព័ត៌មាននិងសាធារណមតិ, ក្រុមយុវជន និងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងមូលដ្ឋាននៃខេត្តកំពង់ធំទាំងក្រុមការងារព័ត៌មានដែលជា គ្រូបង្គោលមកពីបណ្តាខេត្តចំនួន៥ផ្សេងទៀត ដូចជាខេត្តស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ចាម និងខេត្តសៀមរាប សរុបចំនួនប្រមាណជាង២៥០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ គ.ស.ព.ស. បានដឹកនាំនិងសម្របសម្រួលរៀបចំសិក្ខាសាលានៅទូទាំងប្រទេសចំនួន២លើករួចមកហើយ ដោយ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមកពី៦២ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាព មន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីដើរតួនាទីជា សេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ។
ក្នុងវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ធំនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា គោលបំណងដ៏សំខាន់ គឺការរៀបចំរបៀបរបបការងារឱ្យស្របតាមស្មារតីនៃអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅរបស់ គ.ស.ព.ស. ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាពមន្ត្រីដែលកាន់ការងារព័ត៌មាននិងសាធារណមតិ, ដោយអនុវត្តតាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់ការ ដែលមានប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ ផ្សព្វផ្សាយ និងការឆ្លើយតបព័ត៌មានបានលឿន រហ័ស និងទាន់ពេលវេលា។