ឯកឧត្តម ហ៊ុន ម៉ានិត ប្រជាជន គឺជារបងការពារព្រំដែនដ៏រឹងមាំ ទើបរាជរដ្ឋាភិបាល បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាប់ព្រំដែន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន


   ━━━━━✥◈✥━━━━━

   តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតី ពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តបារាយណ៍ ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រះចៅអធិការវត្ត គណៈកម្មការវត្ត សប្បុរសជន និងឧបាសក ឧបាសិកាទាំងអស់ ដែលបានចូលរួមជាបច្ច័យ និងកម្លាំង កសាងសមិទ្ធផលជាច្រើនក្នុងវត្ត។ ទាំងពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរជាមួយគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនយើងទាំងអស់។

យើងមិនអាចកាត់ផ្តាច់ចេញបានទេនូវកត្តាសុខសន្តិភាព និងនយោបាយការទូតរបស់កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោក។ 

ឯកឧត្តមបញ្ជាក់បន្ថែមថា សម្តេចធិបតី បានកំពុងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធានាការពារសុខសន្តិភាព ធានាស្ថិរភាពនយោបាយ និងសង្គម។

មួយរយៈនេះ មានក្រុមជ្រុលនិយមក្រៅប្រទេសមួយចំនួន បានយកបញ្ហាជាតិនិយម និងកត្តាប្រវត្តិសាស្រ្ត បង្កើតព័ត៌មានក្លែងក្លាយ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម បំផុសបំផុលឱ្យសាធារណៈមតិ មានការយល់ច្រលំមកលើកិច្ចសហប្រតិបត្តិការមួយនេះ។ 

ប្រទេស ដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការនេះ គឺត្រូវគោរពអធិបតេយ្យ និងបូរណភាពដែនដីគ្នា។ ការចេញចូល ឆ្លងកាត់ប្រទេសណាមួយ ត្រូវមានលិខិតឆ្លងដែន ឬ លិខិតអនុញ្ញាត។ 

“គោលដៅនៃកិច្ចសហប្រតិបត្តិការត្រីភាគី គឺយើងធ្វើការជាមួយគ្នា រកស៊ីជាមួយគ្នា តែយើងមិនបំពានគ្នា។”

អ្នកទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការ គឺប្រជាជននៅមូលដ្ឋានផ្ទាល់ ដោយគាត់មានផ្លូវ មានទីផ្សារកសិផល។ 

ឯកឧត្តម ហ៊ុន ម៉ានិត បន្ថែមថា ប្រជាជន គឺជារបងការពារព្រំដែនដ៏រឹងមាំ ដូចនេះហើយ រាជរដ្ឋាភិបាល បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាប់ព្រំដែន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅព្រំដែន៕















Post a Comment

Previous Post Next Post