ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ត្រូវបានប្រកាសមុខតំណែងជាប្រធានបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសនេះធ្វើឡើងនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្ដាល។
ស្ថិតក្នុងឱកាសនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា មន្ត្រីមិនមែនជាចៅហ្វាយប្រជាជននោះទេ ដូច្នេះមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសីលធម៌ បម្រើរាស្ត្រចេញពីបេះដូង ប្រកបដោយសុជីវធម៍ ជៀសវាងភាពអសកម្មនានា និងបំពានលើគោលការណ៍ដឹកនាំរបស់គណបក្ស ផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ជាតិ និងប្រជាជន សំដៅបង្កើនការជឿទុកចិត្តការគោរពស្រឡាញ់ និងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាយើងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងបច្ចុប្បន្ន និងអនាគតយូរអង្វែង។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្ដាប់សភាពការណ៍ល្អ ជុំវិញសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គមជារួមនៃខេត្តកណ្ដាល និងតាមបណ្ដាក្រុងស្រុកនានា ត្រូវបានគ្រប់គ្រងល្អ។ រដ្ឋបាលខេត្ត ក្រុង ស្រុក ទាំងឃុំ សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានម៉ត់ចត់ជាប្រចាំឱ្យសាកសមនឹងការជឿទុកចិត្តដ៏មោះមុតរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញដល់រដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្កទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជាពិសេសសកម្មភាពក្មេងទំនើងគ្រប់រូបភាពស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នាពេលកន្លងទៅ៕