កូនឈើប្រមាណជាង ២០០ដើម មានដូចជា (បេង, ក្រញូង, នាងនួន, ធ្នង) ត្រូវបានដាក់ដាំលម្អ សោភ័ណ្ឌភាព អមសងខាងកីឡាដ្ឋាន វី អាយ អិន ឌី មានទីតាំងនៅក្នុងគម្រោងអភិវឌ្ឍន៍ដីឡូត៍ វីអាយអិនឌី ស្ថិតក្នុងភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា ដែលធ្វើឡើងនារសៀលថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ពិធីនេះក៏មានការចូលរួមពី លោកអភិបាលរងស្រុក ប្អូនៗយុវជនសសយកស្រុក អាជ្ញាធរមូលដ្ឋាន នឹងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឡា ឡៃ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើង ក្នុងគោលបំណងចូលរួម អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២៤ ក្នុងស្មារតីបំផុសការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀតដើម្បីកែលម្អ លើកកម្ពស់សោភណ្ឌ ភាពជុំវិញកីឡាដ្ឋាន ឱ្យស្រស់បំព្រង ក្លាយជាតំបន់បរិស្ថានបៃតង និងក្លាយជាម្លប់សម្រាប់ក្មេងៗជំនាន់ក្រោយ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ដែរថា ដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សនិងសត្វ។ នៅក្នុងបរិស្ថានដើមឈើជួយឱ្យមាន ដំណើរការប្រព័ន្ធអេកូឡូស៊ីកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួល អាកាសធាតុគ្រោះធម្មជាតិនានា ផ្តល់ជាម្លប់ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់ត្រឡប់មកវិញនូវ អុកស៊ីសែនសម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើមផងដែរ។
យកឪកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ និងយុវជន សូមចូលរួមដាំដើមឈើ ឱ្យបានគ្រប់ៗគ្នាគ្រប់ប្រភេទនិងគ្រប់ទីកន្លែងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅ បានដើម្បីទុកសម្រាប់កូនចៅរបស់យើងនៅគ្រប់ជំនាន់ជាបន្តទៀត ៕
បើតាមការបញ្ជាក់ពីលោក សុះ សាក់រ៉ូនី ប្រធានគណៈកម្មការគ្រប់គ្រងកីឡដ្ឋាននេះ បានអោយដឹងថាកីឡដ្ធាននេះ បានបង្កើតឡើងនៅដើមខែមិនាឆ្នាំ២០២១និងបានការសហការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាល គ្រប់ជាន់ថ្នាក់ បង្កើតពានរង្វាន់ធំៗជាច្រើនមានដូចជា
- នៅខែធ្នូ ចុងឆ្នាំ២០២១ បានទទួលរៀបចំពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម
- នៅដើមខែមករា ឆ្នាំ២០២៣ ពានរង្វាន់ ឯកឧត្តម ហ៊ុន ម៉ានិត
- នៅចុងខែមករា ឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមផងដែរ