━━━━━✥◈✥━━━━━
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបេីកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ តំណាងឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានរាយការណ៍អំពីស្ថានភាពរួមនៃការបេីកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៤ តាមកម្មវិធី និងផែនការហ្វឹកហ្វឺន ដែលថ្នាក់លើបានកំណត់ ហើយការហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះមានរយៈពេល៩១ថ្ងៃ ដោយមានសិក្ខាកាមត្រូវចូលរួមហ្វឹកហាត់ចំនួន៨០នាក់ និងគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងអ្នកបម្រើការចំនួន១០នាក់ ។
ឧត្ដមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានជោគជ័យ និងបានផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាម ដែលបានចូលរួមហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះ ត្រូវយកចិត្តទុកដាក់បង្រៀន រៀនសូត្រតាមកម្មវិធី និងខ្លឹមសារមេរៀន ដែលបានគ្រោងទុក ។ ជាមួយនោះត្រូវគោរពវិន័យសាលាក្នុងពេលរៀនសូត្រ ព្រមទាំងមានការសាមគ្គីភាពល្អ រវាងគ្នានឹងគ្នា រវាងសិក្ខាកាម និងយោធាចារ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោកនាយចំណង់ ឈួន រ៉ុម តំណាងឲ្យសិក្ខាកាមទាំងអស់ បានឡេីងប្តេជ្ញាចិត្ត គោរពអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តមមេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ ដែលបានប្រគល់ និងប្តេជ្ញាចិត្តគោរពអនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងតាមមេរៀន ដែលគ្រូយោធាចារ្យបានបង្ហាត់បង្រៀន ដេីម្បីបម្រើជាតិ ប្រជាជន និងអង្គភាព ឲ្យទទួលបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ និងត្រៀមខ្លួនជានិច្ចអនុវត្តន៍តាមបទបញ្ជា ជាកងកម្លាំងអន្តរាគមន៏ ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្ត ដេីម្បីដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកេីតមានឡេីងជាយថាហេតុ ពិសេសកិច្ចសហប្រតិការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
នៅក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងរៀនសូត្រ អប់រំចិត្តសាស្ត្រ ប្រចាំឆ្នាំ២០២៤ នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ។ ដោយឡែកឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឧត្ថម្ភអង្ករចំនួន ៥០០ គីឡូក្រាម មីជាតិចំនួន ១០ កេស ត្រីខកំប៉ុងចំនួន ២០ យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ១០ យួរ សម្រាប់ផ្គត់ផ្គង់ដល់រោងបាយក្នងហូបចុកប្រចាំថ្ងៃរបស់សិក្ខាកាមផងដែរ ។
ជាចុងបញ្ចប់ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហុងនិងជាថ្មីម្តងទៀត នូវគម្រោងស្ថាបនាព្រែកជីកប្វត្តសាស្ត្រហ្វូណនតេជោ ដែលនិងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ដើម្បីសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។