នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។
ក្នុងពិធីប្រកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ បានអបអរសាទរចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តសម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តស្វាយរៀងជាមួយគណៈអភិបាលខេត្ត។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថ្លែងថាក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផងក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះក្រុមប្រឹក្សាទាំងអស់ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។លោកជំទាវបណ្ឌិតសភាចារ្យ បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបញ្ចប់នេះ លោកជំទាវបណ្ឌិតសភាចារ្យ បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអប់រំសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ប្រកបរបរចិញ្ចឹមជីវិតឱ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត៕