ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្តីពីវិធានការមុឺងម៉ាត់ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ស្ថាប័នជំនាញពាក់ព័ន្ធ និងយោធិនទាំងអស់ ដែលបានចូលរួមជាមួយកម្លាំងចម្រុះក្នុងកិច្ចសហប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល៤៥ថ្ងៃកន្លងទៅ ដោយគិតពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ទទួលបានលទ្ធជោគជ័យ គួរជាទីមោទនៈ ដោយបានការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានជាថ្មី និងបានរកឃើញដីព្រៃ ដែលបានកាប់ទន្ទ្រានរួចនាពេលកន្លងទៅប្រមាណជិត១,០០០ហិកតា ដែលបច្ចុប្បន្ននេះយើងកំពុងធ្វើការគ្រប់គ្រង និងស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។ ដោយឡែកជនល្មើសមួយចំនួន ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ត្រូវបានកងកម្លាំងចម្រុះ ដែលមានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ស្ថាប័ន ដែលមានការពាក់ព័ន្ធ និងយោធិនគ្រប់រូប ត្រូវបន្តចូលរួមអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវវិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយត្រូវអនុវត្តនូវពីរភារកិច្ចគឺ៖ ទីមួយ ត្រូវសហការល្អជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីតាមការស្នេីសុំ និងទីពីរ ត្រូវម្ចាស់ការរុករកសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីចាត់ការបង្ក្រាប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឲ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្ត ដូចភ្លៀងរលឹម ដោយមិនត្រូវឲ្យមានការកេីតឡេីងនូវបទល្មើសជាថ្មីទៀត ជាដាច់ខាត។