សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ


   នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ  ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកទី២ នៅរាជធានីភ្នំពេញ ។ សម្ដេចតេជោ បានរំឭកថា កាលពីឆ្នាំ ២០២២ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិអាមេរិក បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅខេត្តសៀមរាប និង បានជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចូលរួមរំលែកទុក្ខ ចំពោះការចូលទីវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានថ្វាយព្រះភ្លើងបូជាកាលពីម្សិលមិញនេះ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីយោធារបស់កម្ពុជាចំនួន២០នាក់ក្នុងឧបទ្ទវហេតុថ្មីៗនេះ ។  

ឯកឧត្តម អូស្ទីន បានបញ្ជាក់ថា ឯកឧត្តម មកទស្សនកិច្ចនៅកម្ពុជាលើកនេះ ដោយនាំសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺ “យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ ឯកឧត្តម បានលើកឡើងថាប្រទេសទាំងពីរអាចធ្វើការកែ សម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទោះបីជាយើងមានទស្សនៈមិនស្របគ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែ ទំនាក់ទំនងរបស់យើងនៅលើវិស័យជាច្រើន មានភាពផ្លែផ្កាវិជ្ជមាន ហើយ យើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយលទ្ធផល ។ 

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខចំពោះការចូលទីវង្គតរបស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងការបាត់បង់ជីវិតយុទ្ធជនកម្ពុជាយើងចំនួន២០នាក់រូបកន្លងមក ដែលនេះបានបង្ហាញនូវសមានចិត្តរបស់ឯកឧត្តម ចំពោះកម្ពុជា។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរមិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល។ សម្តេច បានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរ ខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន យើងត្រូវគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្ដេចតេជោ ក៏បានសំណូមពរ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង ប្រទេសមហាអំណាច កុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាកម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់ ដោយមិនជ្រើសរើសយកខាងណាមួយទេ ដោយយកប្រទេសទាំងអស់ជាមិត្ត។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក៏បានអរគុណចំពោះ សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គនិងភាពខុសគ្នាឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។ សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល ជាពិសេស កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត។ 

ឯកឧត្តម អូស្ទីន បានឯកភាពគ្នាលើការបន្តឱ្យមានការសន្ទនាគ្នា ជាពិសេស លើគោលនយោបាយការពារជាតិ ដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដើម្បីអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាមេរិក បានកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងការពង្រឹងឡើងវិញនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ។ ឯកឧត្តម បានប្រកាសថា សហរដ្ឋអាមេរិកនឹងបើកការអនុញ្ញាតឡើងវិញឱ្យនិស្សិតកម្ពុជាទៅសិក្សានៅបណ្ឌិតសភាយោធា West Point របស់អាមេរិក  ផ្លាស់ប្ដូរការកម្មវិធីក្នុងវិស័យយោធា ដូចជាសមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ គ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ កិច្ចសន្ទនាគោលនយោបាយការពារជាតិ ដែលជាជំហានទី១ នៃការដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។ 

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំឱ្យបាត់បង់ព័ត៌មាន និងបង្កឱ្យមានការយល់ច្រឡំគ្នា។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំងពីរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា និងឯកឧត្តមរដ្ឋមន្ត្រី  ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហា សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល តំបន់សមុទ្រចិនខាងត្បូង និង តំបន់ទន្លេមេគង្គផងដែរ។ ទាក់ទងបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូង សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងថាដើម្បីឱ្យមានសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ទី១)គោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ DOC, ទី២) ភាគីដែលមានជម្លោះរវាងគ្នានិងគ្នា ត្រូវដោះស្រាយជាមួយភាគីពាក់ព័ន្ធ និង ទី៣) ធ្វើយ៉ាងណាឱ្យសម្រេចនូវក្រមប្រតិបត្តិ COC  ដែលភាគីកម្ពុជាបានខិតខំជំរុញឱ្យសម្រេចបានកាលពីឆ្នាំ ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ។ 

អំពីបញ្ហាសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ា សម្ដេចតេជោប្រធានព្រឹទ្ធសភា និង ឯកឧត្តម អូស្ទីន បានឯកភាពគ្នាថា មិនអាចយកសង្រ្គាមបញ្ចប់សង្គ្រាមបានទេ គឺត្រូវតែមានដំណោះស្រាយតាមការចរចា ពិសេសក៏បានឯកភាពគ្នាទៅលើដំណោះស្រាយរដ្ឋពីរ ដែលនឹងផ្ដល់នូវសុខសន្តិភាពយូរអង្វែងសម្រាប់អ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីន។ 

ឯកឧត្ដម អូស្ទីន ក៏បាលបង្ហាញពីបំណងប្រាថ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងការវិនិយោគអាមេរិកមកកម្ពុជាឱ្យបានច្រើនទៀត។ សម្ដេចតេជោ ក៏បានសម្ដែងការអរគុណ ហើយក៏បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា ឯកឧត្តមអូស្ទីន នឹងជំរុញឱ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។ 

ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរជ័យដល់ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងគណៈប្រតិភូ និងបានផ្តាំផ្ញើតាមរយៈឯកឧត្តមរដ្ឋមន្ត្រីនូវការសាកសួរសុខទុក្ខ ជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បាយដិន (Joe Biden) 

ឯកឧត្ដម រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានផ្ដល់ពេលវេលា ឱ្យ ឯកឧត្ដម និងគណៈប្រតិភូចូលជួបនៅថ្ងៃនេះ ដែលជំនួបនេះនឹងផ្ដល់នូវប្រយោជន៍នាពេលអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសទាំងពីរក្នុងទំនាក់ទំនងជាមួយគ្នា។  ជំនួបពិភាក្សាត្រូវបានបញ្ចប់ក្នុងស្មារតីស្មោះត្រង់ ប្រកបដោយបរិយាកាសរីករាយ៕







Post a Comment

Previous Post Next Post