រថយន្តដឹកអុីវ៉ាន់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបុកពីក្រោយម៉ូតូហុងដាឈប់ស្តុប បណ្តាលឲ្យបាត់បង់ជីវិត២នាក់(ម្តាយ.កូន) ប្តីរងរបួសធ្ងន់


ខេត្តកណ្តាល៖ ស្ត្រីខ្មែរឥស្លាមម្នាក់ និងកូនប្រុសអាយុទើបាន២ខួប ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប្តីរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េឃ្លុបដឹកអុីវ៉ាន់ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានបើកបោះពួយយ៉ាងលឿន ក៏ជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ កំពុងឈប់ភ្លើងស្តុប ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែមេសា ឆ្នាំ២០២៤នេះ នៅតាមផ្លូវជាតិលេខ៦អា ចំណុចភ្លើងស្តុប ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ប្តីប្រពន្ធ និងកូនប្រុសតូចអាយុ២ខួប ជាជនជាតិខ្មែរឥស្លាម ជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ឈប់ភ្លើងស្តុបក្រហម ហើយខណៈដែលកំពុងឈប់ស្ងៀម ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-9156 ដឹកអុីវ៉ាន់ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរយ៉ាងលឿនពីជើងទៅត្បូង ក៏បុកពីក្រោយម៉ូតូជនរងគ្រោះ ហើយកិនស្លាប់២នាក់ម្តាយកូន ប្តីរងរបួសធ្ងន់ធ្ងរ ឯម៉ូតូជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ សមត្ថកិច្ចឃាត់ខ្លួនបានអ្នកបើកបររថយន្តភ្លាមៗ ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់បង្អែកមុខកំពូល ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកសពជនរងគ្រោះ២នាក់ម្តាយកូន សមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕ អរគុណសន្តិភាព



Post a Comment

Previous Post Next Post