ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ


   (ព្រៃវែង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះបើតាមប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រៃវែងនារសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថាកិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី ត្រូវតែមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រៃវែងឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុងស្របតាមសក្តានុពលរបស់ខេត្តដើម្បីផ្ដល់សុខុមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។ ជាមួយនេះឯកឧត្តមសាយ សំអាល់ បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រៃវែង ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន ម៉ាស៊ីនវាស់វែង ១៥ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III, កុំព្យូទ័រDesktop ២០គ្រឿង, កុំព្យូទ័រLaptop ២គ្រឿង, ម៉ាស៊ីនព្រីនធ័រ A4ចំនួន ៦ គ្រឿង, ម៉ាស៊ីនព្រីនធ័រ A3ចំនួន ៥ គ្រឿង, ម៉ាស៊ីនស្គែន ១១ គ្រឿង, External HDD ៦គ្រឿង និងម៉ាស៊ីនស្គេនQR Code ២គ្រឿងផងដែរ៕







Post a Comment

Previous Post Next Post