ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ


   ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅភូមិស្រែកណ្តាល ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ និមន្ត និងអញ្ជើញចូលរួម ក្នុងពិធីនោះ រួមមាន ព្រះសមាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ និងបងប្អូន ប្រជាពលរដ្ឋជាច្រើនរូប។ 

នាឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើការសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ឯកឧត្តមបានលើកឡើងបន្ថែមថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការ ចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។ ឯកឧត្តមបានរំលេចថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

មានប្រសាសន៍បន្តនាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលយើងកំពុងមាននេះ គឺកើតឡើងពីការដឹកនាំរបស់ របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តជឿជាក់លើ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្ត បេសកកម្មពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប។ 

សូមជម្រាបជូនថា វត្តក្រពុំឈូកនេះ បានចាប់ផ្ដើមកសាង ឡើងតាំងពីគ.ស ១៨៣០ ពោលគឺមានអាយុកាល ១៩៤ឆ្នាំ មកហើយ។ ចំពោះសមិទ្ធផលទាំងឡាយដែលធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែង ប្រកបដោយសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី, អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ គីម ទូច, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ម៉ោង សៅ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ផងដែរ។
















Post a Comment

Previous Post Next Post