ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ជាចលករដ៏សំខាន់ក្នុងការពង្រឹងវិស័យសំណង់នៅកម្ពុជា


   ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ជាចលករដ៏សំខាន់ក្នុងការពង្រឹងវិស័យសំណង់នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ថ្លែងនាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ បានបន្តជំរុញភាគីទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាពគ្នា ប្រមូលផ្ដុំគោលគំនិត កសាងពូនជ្រុំស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប រស់រវើក វាងវៃ ប្រកបដោយមនសិការ និងវិជ្ជាជីវៈ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ទន្ទឹមនេះ ឯកឧត្តមបានលើកពីការបន្តជំរុញការរៀបចំគោលនយោបាយអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ក្នុងគោលបំណងបង្កើននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ឯកឧត្តម សាយ សំអាល់ ថ្លែងថាកម្ពុជាជាប្រទេសមួយដែលធ្លាប់បែកបាក់ដោយសារសង្គ្រាម ហើយទម្រាំអាចកសាង និងស្ដារឱ្យមានភាពរីកចម្រើនដូចបច្ចុប្បន្ននេះ គឺមិនមែនងាយស្រួលឡើយ។ ដូច្នេះ យើងទាំងអស់គ្នា គប្បីមានការឯកភាពគ្នាក្នុងការជំរុញឱ្យដំណើរការការងារប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា៕



Post a Comment

Previous Post Next Post