ក្រសួងការងារ ប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»


   ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលធ្វើប្រារព្ឋឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងពិធីនេះដែរ ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដែលក្នុងនោះក៏មានតំណាងសហជីពស្ត្រីផងដែរ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ការជ្រើសរើសយក ប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតបច្ចេកវិទ្យាឌីជីថល។ សម្រាប់លោករដ្ឋមន្ត្រី ការជំរុញឱ្យស្ត្រី និងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូល។

សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា ឆ្នា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ លើសពីនេះ កម្ពុជាបានផ្តល់ភាព ស្របច្បាប់ និងភាពស្មើគ្នាដោយគ្មានការរើសអើងចំពោះមុខរបរដែលស្ត្រីប្រកបទោះបីក្រៅម៉ោងការងារ និងក្នុងម៉ោងការងារក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល។

ក្នុងនាមជារដ្ឋមន្ត្រី លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការប្រារព្ឋទិវាសិទ្ធិនារីនេះ មិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្ត ទុកដាក់ទៅដល់ស្ត្រី ដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះ រាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូរដល់ស្ត្រីបើមិនដូច្នេះទេផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាដែលមានក្រសួងកិច្ចការនារីជាសេនាធិការ បានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្រាប់អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ 

ការកំណត់មូលបទសម្រាប់យុទ្ធនាការឆ្នាំនេះរបស់កម្ពុជា បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី៕











Post a Comment

Previous Post Next Post