ការហាមមន្រ្តីមិនឱ្យទិញឈើចែកជូនប្រជាពលរដ្ឋរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ក៏ព្រោះថាមន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើនោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋទៅវិញ។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាច្រើនលើកច្រើនសាយ៉ាងដូច្នេះ គឺដើម្បីបណ្តុះគំនិតក្នុងភាពជាម្ចាស់ ដោយមិនផ្តោតតែថវិកាតែមួយមុខឡើយ គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់លើធនធានដែលមានស្រាប់ក្នុងតំបន់ ហើយរួមផ្សំនឹងធនធានថវិកាផង។
លើសពីនេះ ការបណ្តុះដើមឈើជូនប្រជាពលរដ្ឋដោយប្រើបេះដូងជួយ គឺជាភាពគំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លកបៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំ ដើម្បីបង្កើននូវភាពបៃតងទូទាំងប្រទេស ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំប្រទេសកម្ពុជាឱ្យចាកឆ្ងាយភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់តាមរយៈកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនីតកាលទី៧ ក្នុងនោះរាប់បញ្ជូលការធ្វើពាណិជ្ជកម្មកាបូនផងដែរ។
សូមជម្រាបជូនថា ការជំរុញលើកទឹកចិត្ត និងបង្កឱ្យមានវប្បធម៌ស្អាតក្នុងចំណោមមន្រ្តីរាជការ និងភាពស្អាតស្អំពីមន្រ្តីរាជការនេះ គឺបានធ្វើឡើងនៅក្នុងឱកាសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)» នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលទី២៩ ខែមករា ឆ្នាំ២០២៤នេះ។ ផែនការយុទ្ធសាស្ត្រនេះត្រូវរៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ក្នុងគោលដៅការគ្រប់គ្រងធនធានធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកការធានាចីរភាពបរិស្ថាន៕