សកម្មភាពការងារ | សេចក្តីជូនដំណឹង រាជរដ្ឋាភិបាលកម្ពុជាជំរុញពន្លឿនដំណើរការរៀបចំចុះបញ្ជីដីធ្លី ដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តតាកែវ


   ខេត្តតាកែវ៖ សម្រាប់ខេត្តតាកែវគឺនៅសល់ក្បាលដីត្រឹមតែប្រមាណ ២២ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី ៧ ដោយកិច្ចការនេះទាមទារឱ្យមានកិច្ចសហការ និងការទទួលយកនូវទស្សនៈវិស័យរួម ពីអាជ្ញាធរខេត្តតាកែវ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថាកិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ កិច្ចការធំដែលត្រូវអនុវត្តគឺ ការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ហើយឯកឧត្តមយល់ឃើញថា នេះគឺជារឿងមួយដ៏សំខាន់ចាំបាច់សំរាប់រៀបចំដំណើរឆ្ពោះទៅមុខក្នុងអាណត្តិទី៧នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ A៤ ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រ A៣ ចំនួន ៣គ្រឿងនិងម៉ាស៊ីនស្កេន ចំនួន ១០ គ្រឿងផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងអំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើយ៉ាងណាគិតគូររៀបចំឱ្យប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីរបស់ខ្លួនប្រកបដោយភាពសុខដុមរមនា មានភាពសម្បូរសប្បាយ មានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត មានសុខភាពល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។

ជាមួយនេះ ការចុះបញ្ជីដីធ្លីគឺជាការបញ្ចប់វិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយនៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា៕






Post a Comment

Previous Post Next Post