សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់ជនរួមជាតិ និងអន្តរជាតិ ចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ


      នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដែលជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែល សម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តនៅមុនដំណាច់ ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល, ការធានាលក្ខខណ្ឌការងារល្អប្រសើរ, ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:, កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនដល់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ។  

នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកវិសាលភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ក្នុងការចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់បងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស បុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស. ដែលប្រាថ្នាចង់បានការថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករ-និយោជិត ហើយបានជួយកាត់បន្ថយបន្ទុកចំណាយ, ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន ។ ហើយតាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក  ប.ស.ស. រួមមានប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។ 

ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងជួយពង្រីកការគ្របដណ្តប់ប្រជាជនសរុបប្រមាណជាង ៥ លាននាក់  បូកបន្ថែមរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ ដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ គ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៤ លាននាក់ ។ កម្មវិធីទាំងពីរនេះរួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជនចំនួនប្រមាណជាង ៩ លាននាក់ ដែលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ កន្លងទៅ តាមរយៈកម្មវិធី សំណេះសំណាលរបស់ សម្តេចធិបតី ជាមួយកម្មករនិយោជិត សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការវិនិយោគលើការរៀបចំបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមបណ្ដាតំបន់ជិតរោងចក្រ ដើម្បីចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុករបស់កម្មការិនីដែលមានកូនក្នុងបន្ទុក សំដៅជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ ក៏ដូចជាការជួយដល់ការរីកចម្រើនរបស់ម្ចាស់រោងចក្រ សហគ្រាសផងដែរ។

លើសពីនេះ តាមរយៈការដាក់ចេញនូវ “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស” ដែលមានចំនួនប្រមាណ ១,៥ លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ម៉ឺនរៀល គឺជាវិធានការបង្រួមវិសមភាពសេដ្ឋកិច្ចមួយប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ដោយឈរលើអាទិភាពគន្លឹះទី១ “មនុស្ស” និងគោលដៅយុទ្ធសាស្ត្រទី៣ “សមធម៌” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។ កម្មវិធីនេះ នឹងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែមគ្នា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត ក៏ដូចជា ធុរជន-វិនិយោគិន, សមាគម,  ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និងអន្តរជាតិ, សមាគម, និយោជក, សហជីព ចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីជាតិដ៏មានសារៈសំខាន់នេះ ៕

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia

Post a Comment

Previous Post Next Post