ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង


[ខេត្តកំពង់ធំ]៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទី ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង ស្ថិតនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកានោះ ឯកឧត្តម កោតសរសើរនិង វាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ដែលបានខិតខំចលនាប្រមែប្រមូលធនធាន ក្នុងការសាងសង់អគារទី ស្នាក់ការគណបក្ស ប្រជាជន កម្ពុជា ស្រុក ស្ទោងដ៏ល្អស្អាត និងធំទូលាយ ដែលនេះជាសមិទ្ធផលគួរជាទីមោទនៈថ្មីមួយទៀត សម្រាប់ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើឱ្យការបំពេញមុខងារនិងបេសកកម្មរបស់ គណបក្ស ក៏ដូចជា បម្រើដល់សេចក្ដីត្រូវការផ្សេងៗរបស់ បងប្អូន ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ស្របតាមការដ្ឋាន ជាយុទ្ធសាស្ត្រ របស់ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ពិសេសគឺមានទីស្នាក់ការគណបក្សនៅគ្រប់កន្លែង ទាំងខេត្ត និងគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តកំពង់ធំ ចាប់ពីឆ្នាំ២០២៧ទៅ។

ឯកឧត្តម មានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះខេត្តកំពង់ធំ កំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមការដ្ឋានយុទ្ធសាស្រ្តទាំង៣ ដែលបានដាក់ចេញ ហើយសមិទ្ធផលនិងលទ្ធផលការងារជាច្រើនបានលេចឡើងជាបណ្តើរៗ ទាំងក្នុងក្របខណ្ឌការងារ កសាងនិងពង្រឹងគណបក្ស ទាំងក្នុងក្របខណ្ឌការងារអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងគម្រោងវិនិយោគធំៗ ក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។

ឯកឧត្តមបន្តថាសមិទ្ធផលនិងលទ្ធផលការងារទាំងនេះ បាននិងកំពុងប្រែក្លាយសក្តានុពលរបស់ខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំជាងគេ នៅចំចំណុចកណ្តាលប្រទេស សម្បូរទៅដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ច និងមូលដ្ឋាននយោបាយ កាន់តែរឹងមាំ និងអាចឈរជើងយូរអង្វែង រួមទាំងជះឥទ្ធិពលទៅដល់ ខេត្តជុំវិញជាច្រើនទៀត ដើម្បីសម្រេចចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត «ប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «ប្រែក្លាយខេត្តកំពង់ធំ លែងជាខេត្តមួយដែលទៅហួសមកហួស ទាំងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍»៕

#អរគុណសន្តិភាព

#កម្ពុជាត្រូវការសន្តិភាព







Post a Comment

Previous Post Next Post