សេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦



✧═══•❁❀❁•═══✧

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបង្ហាញស្នាដៃនៃសំណេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល - Write a letter to a friend about why human connection matters in a digital world»។

១. រង្វាន់ជ័យលាភី 

បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖

- ជ័យលាភីលេខ១ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ប្រាក់រង្វាន់ចំនួន ៤ លានរៀល

- ជ័យលាភីលេខ២ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ២ លានរៀល

- ជ័យលាភីលេខ៣ ទទួលបាន មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល។  

សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៥ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

២. លក្ខខណ្ឌនៃការចូលរួម 

- សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦)

- បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស

- សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ)

- ផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ មកកាន់អាសយដ្ឋានដូចខាងក្រោម៖អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០

៣. នីតិវិធីនៃការវាយតម្លៃ

- សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ

- ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល៖

ដំណាក់កាលទី១៖ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត 

ដំណាក់កាលទី២៖ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។

៤. ឯកសារពាក់ព័ន្ធ

សូមស្កែន QR Code ដើម្បីទទួលបានឯកសារពាក់ព័ន្ធដូចខាងក្រោម៖

- ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ

- គំរូទម្រង់សំបុត្រ

- កម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ នេះ ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩។






Post a Comment

Previous Post Next Post