មេបញ្ជាការសឹករងកំពង់ឆ្នាំង ព្រមានចាត់វិធានបង្ក្រាបភ្លាមៗប្រសិនរកឃើញការធ្វើបទល្មើសសម្រាស់


✧═══•❁❀❁•═══✧

កំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានព្រមានចាត់វិធានការបង្រ្កាប និងចាប់ខ្លួនជនទាំងឡាយណាដែលព្យាយាមប៉ុនប៉ងប្រព្រឹត្តបទល្មើសដាក់សម្រាស់ក្នុងខេត្តនាឆ្នាំនេះ។ លោកឧត្តមសេនីយ៍ត្រីបានថ្លែងបែបនេះ ក្រោយពេលពិនិត្យឃើញដើមឈើព្រៃលិចទឹកជាច្រើនក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវជនសង្ស័យលួចកាប់យកទៅដាក់បទល្មើសសម្រាស់។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឲ្យចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងដែនទឹកខេត្តកំពង់ឆ្នាំង ជាពិសេសគឺបទល្មើសសម្រាស់នេះតែម្តង។ បទល្មើសដាក់សម្រាស់ ជាបទល្មើសមួយដែលបានបំផ្លាញធនធានធម្មជាតិ(ព្រៃលិចទឹក)យ៉ាងស្ងាត់បំផុត និងធ្វើអោយទន្លេ បឹង ព្រែកគោករាក់ ផ្លាស់ចរន្តទឹកហូរ បំណាក់ដី បាត់បង់ទីជំរកត្រីពងកូន និងគ្មានរបាំងការពារខ្យល់កន្ត្រាក់ជាដើម។ ក្នុងពេលចុះពិនិត្យនេះ លោកមេបញ្ជាការបានរកឃើញ ដើមឈើព្រៃលិចទឹកជាច្រើនដើមនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងដែលជាឃុំមានបទល្មើសកាប់ព្រៃលិចទឹកធ្វើសម្រាស់ច្រើនជាងគេ, មាននៅភូមិកោះកែវ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ, និងមួយចំនួននៅក្នុងស្រុកជលគីរី និងក្រុងកំពង់ឆ្នាំង។ 

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានព្រមានចាត់វិធានការក្តៅ ប្រសិនបើកម្លាំងកងទ័ពពើបប្រទះឃើញជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសនេះ គឺត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ឧបករណ៍ទូកកាណូតត្រូវរឹបអូសផងដែរ។ ឯកឧត្តម មេបញ្ជាការ បានអំពាវនាវអោយអាជ្ញាធរភូមិ ឃុំស្រុក និងអង្គភាពពាក់ព័ន្ធជួយចូលរួមទប់ស្កាត់ជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផល ដើម្បីទប់ស្កាត់នូវបទល្មើសដាក់សម្រាស់នេះ ។








Post a Comment

Previous Post Next Post